How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (5)
«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»
កាលពីសប្តាហ៍មុនខ្ញុំបានបង្ហាញមេរៀនទី ២ ដែលផ្តោតលើល្បិច ដែលជនផ្តាច់ការ សាដាម ហ៊ូសេន ប្រើប្រាស់កម្ចេចក្រុមប្រឆាំង ដើម្បីកាន់អំណាច និងអនុញ្ញាតឲ្យក្រុមគ្រួសារត្រកូល ហ៊ូសេន មានទ្រព្យធន និងអំណាចលើសគេក្នុងប្រទេសអ៊ីរ៉ាក់ ។ នៅសប្តាហ៍នេះ ខ្ញុំសូមសង្ខេបជូន មេរៀនទី ៣ ដែលផ្តោតលើ «ការដឹកនាំដោយការបំភិតបំភ័យ»។
មេរៀនទី ៣ ៖ ការដឹកនាំដោយការបំភិតបំភ័យ
មិនថាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ឬរបបផ្តាច់ការទេ ការរក្សាប្រជាពលរដ្ឋឲ្យស្មោះត្រង់ និងគាំទ្រអ្នកដឹកនាំ គឺជាកត្តាសំខាន់ណាស់ ។ ប៉ុន្តែជនផ្តាច់ការមានវិធីផ្សេងពីគេ គឺ រវាងការដឹកនាំឲ្យប្រជាពលរដ្ឋស្រឡាញ់ និងគោរពដោយសុទ្ធចិត្ត គឺពួកគេជ្រើសរើសយកវិធីដឹកនាំធ្វើឲ្យប្រជាពលរដ្ឋខ្លាច និងរស់នៅក្នុងស្ថានភាពខ្លបខ្លាចបាក់ស្បាត មិនហ៊ានងើបឡើងប្រឆាំងនឹងខ្លួន។ នៅក្នុងមេរៀនទី ៣ នេះ យើងក្រឡេកមើលការដឹកនាំរបស់ជនផ្តាច់ការ អ៊ីឌី អាមីន ដាដា (Idi Amin Dada) អតីតប្រធានាធិបតីនៃប្រទេសអូហ្កង់ដា ពីឆ្នាំ ១៩៧១ ដល់ ១៩៧៩ ដែលបានបង្កឲ្យបាត់ខ្លួន ឬសម្លាប់ប្រជាពលរដ្ឋខ្លួនឯងជាង ៣០០ ០០០ នាក់ ។
ជនផ្តាច់ការ អ៊ីឌី អាមីន មានប្រវត្តិ ជាកូនទាហានអង់គ្លេស ដែលសាហាវឃោរឃៅ ដោយបានសម្លាប់ក្រុមបះបោរនៅអាហ្វ្រិក និងបានឡើងបុណ្យសក្តិ។ ក្រោយមកគាត់បានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារទម្លាក់ប្រធានាធិបតីមុន ។ ក្រោយពីរដ្ឋប្រហារភ្លាម បណ្តាញសារព័ត៌មានក្នុងប្រទេសស្រឡាញ់គាត់ និង បានហៅគាត់ថា «លោកឪពុកធំ» ឬ «ប៉ាប៉ាធំ» (Big daddy) ឬជួនកាលហៅថា «សុភាពបុរសយក្ស» (Gentle giant) ។ ប៉ុន្តែសុភាពបុរសយក្ស ឬលោកឪពុកធំ មិនមែនសុភាពដូចការគិតរបស់ពួកគេទេ គឺ គាត់ប្រើប្រាស់អំពើហិង្សា និងការបំភិតបំភ័យធ្វើជាគោលការណ៍សំខាន់នៃការដឹកនាំរបស់គាត់ ។ គាត់គឺជាមនុស្សដែលឈ្លក់វង្វេងនឹងការបញ្ចើចបញ្ចើផងដែរ ដោយបានដាក់គោរមងារឲ្យខ្លួនឯងថា «ឯកឧត្តមប្រធានាធិបតីមួយជីវិត» «សេនាប្រមុខ» «បណ្ឌិត ហាជី» «សម្តេចនៃអស់ម្រឹគីម្រឹគានៅលើភពផែនដី និងមច្ឆាក្នុងសមុទ្រ» និង «ជាអ្នករំដោះរបស់ចក្រភពអង់គ្លេសនៅអាហ្វ្រិកទាំងអស់ ក៏ដូចជានៅអ៊ូហ្កង់ដាជាដើម» ។
ខាងក្រោមនេះជាល្បិចដែលជនផ្តាច់ការរូបនេះប្រើប្រាស់ដើម្បីកាន់អំណាច។
ល្បិចទី ១ ៖ បិទបាំងអំពើឃោរឃៅ
ជនផ្តាច់ការពូកែបំផុតក្នុងការលាក់បាំងអំពើឃោរឃៅ និងការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេស ។ ពួកគេបង្កើតរូបភាពបំភាន់ដោយឲ្យប្រព័ន្ធឃោសនារបស់ពួកគេផ្សាយរំលេចរូបភាពល្អ ដែលក្លែងក្លាយ និងបើកឲ្យគេមើលតែកន្លែងណា ដែលពួកគេរៀបចំជាឆាកល្ខោនបំភាន់មតិអន្តរជាតិប៉ុណ្ណោះ ។ ករណីនេះមាននៅប្រទេសរុស្ស៊ី អាល្លឺម៉ង់ និង កម្ពុជា ក្រោមការគ្រប់គ្រងរបស់របបប៉ុល ពតជាដើម។
នៅប្រទេសអ៊ូហ្កង់ដា លោកអ៊ីឌី អាមីន បានលាក់បំពួនអំពើឃោរឃៅ ដោយនិយាយដដែលៗ ថាក្រោមការដឹកនាំរបស់គាត់ គឺ ប្រទេសអ៊ូហ្កង់ដា ក្លាយជាប្រទេសដែលមានសន្តិភាព និងមិនមានការរំលោភសិទ្ធិមនុស្សទេ ។ ប៉ុន្តែការសម្លាប់អ្នកប្រឆាំង បានបែកធ្លាយតែក្នុងរយៈពេល ៦ ខែ ក្រោយពីអាមីន បានឡើងកាន់អំណាច ។ ជនរងគ្រោះគឺជាប្រជាពលរដ្ឋ ឬទាហានដែលមកពីក្រុមកុលសម្ព័ន្ធ ដែលស្និទ្ធនឹងប្រធានាធិបតីមុន ។ សាកសព ត្រូវបានគេកប់ចោល ក្នុងព្រៃ និងជួនកាល បោះចោលក្នុងទឹកទន្លេ ។
សូម្បីអ្នកកាសែតអាមេរិកាំងម្នាក់ និងមិត្តភក្តិជាសាស្ត្រាចារ្យ ដែលបានស៊ើបអង្កេតរកប្រភពនៃការសម្លាប់រង្គាល ក៏ត្រូវមន្ត្រីយោធារបស់ជនផ្តាច់ការ អ៊ីឌី អាមីន សម្លាប់ និងដុតសាកសពហើយទម្លាក់ចោលក្នុងទឹក ។ អាមីន បានបិទសំណុំរឿងចោល ដោយគ្មានចោទប្រកាន់នរណាម្នាក់ឡើយ ។ រឿងរ៉ាវនេះបានល្បីល្បាញដល់សហគមន៍អន្តរជាតិ ។ ប៉ុន្តែជនផ្តាច់ការរូបនេះ មិនឈឺក្បាលទេ ដោយថ្លែងថា គេមិនត្រូវការសហគមន៍អន្តរជាតិឡើយ គឺ បម្រើតែប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ។
ល្បិចទី ២ ៖ ទម្លាក់កំហុសដាក់អ្នកដទៃ
ការទម្លាក់កំហុសដាក់អ្នកដទៃគឺជាល្បិចដែលមានប្រសិទ្ធភាពបំផុត ហើយជនផ្តាច់ការដែលមានដូចជា លោក ចូសេហ្វ ស្តាលីន នៃអតីតសហភាពសូវៀត លោក ម៉ូអាម៉ា ហ្កាដាហ្វី នៃប្រទេសលីប៊ី និងលោកអាដុល ហ៊ីត្លែ នៃប្រទេសអាល្លឺម៉ង់ធ្លាប់បានប្រើប្រាស់ដោយជោគជ័យ ។
លោក ចូសេហ្វ ស្តាលីន បានបន្ទោសអ្នកជំនួញកសិកម្មចំពោះវិបត្តិស្បៀងអាហារក្នុងប្រទេស។ លោក ម៉ូអាម៉ា ហ្កាដាហ្វី បន្ទោសជនជាតិអ៊ីតាលី ដែលធ្លាប់គ្រប់គ្រង និងរឹបអូសទ្រព្យសម្បត្តិ រួចហើយបណ្តេញពួកគេចេញពីប្រទេស ។ លោក អាដុល ហ៊ីត្លែ បន្ទោសនិងសម្លាប់ជនជាតិជ្វីហ្វ ចំពោះវិបត្តិសេដ្ឋកិច្ចក្នុងស្រុក ។ ការតាំងខ្លួនប្រឆាំងនឹងបរទេសគឺពិតជាទទួលបានការស្រឡាញ់ពីប្រជាពលរដ្ឋភាគច្រើន ក្នុងប្រទេសថា ជាបុរសខ្លាំង ។
ជនផ្តាច់ការ អ៊ីឌី អាមីន ដោះស្រាយបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចនិងកំហឹងរបស់ប្រជាពលរដ្ឋ ដោយបន្ទោសលើសហគមន៍ជនជាតិអាស៊ីចំនួន ៨០ ០០០ នាក់ ដែលភាគច្រើន ជាជនជាតិឥណ្ឌា ដែលរស់នៅទីនោះដោយសារពួកគេគ្រប់គ្រងអាជីវកម្មធំ ៗ ស្ទើរតែទាំងអស់ នៅក្នុងប្រទេស ។ ការពិតទៅជនជាតិឥណ្ឌាទាំងនេះ ធ្លាប់អបអរសាទរ អាមីន ពេលដែលគាត់បានឡើងកាន់អំណាចភ្លាម ៗ ហើយ អាមីន ក៏ធ្លាប់ថ្លែងថា គឺ គាត់បានជួយរំដោះជនជាតិឥណ្ឌាទាំងនេះ ពី អាណានិយមអង់គ្លេស ដែលមិនយកចិត្តទុកដាក់នឹងពួកគេ ។ ប៉ុន្តែដើម្បីបង្វែងដានពីស្ថានភាពសេដ្ឋកិច្ចអាក្រក់គាត់ត្រូវ រកអ្នកណាមួយ ដើម្បីដាក់កំហុស ។
លោក អ៊ីឌី អាមីន បានរៀបចំឲ្យមានពិធីជួបជុំអ្នកជំនួញធំៗជាតិអាស៊ីដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។ ពួកពាណិជ្ជករសប្បាយចិត្តហើយអ្នកកាសែតជាច្រើនក៏បានចូលរួមជាសាក្សី ។ ប៉ុន្តែគាត់បែរជាយកឱកាសនោះ បើកការវាយប្រហារដោយពាក្យសម្តីលើសហគមន៍អាស៊ី ដោយចោទពួកគេថា ក្បត់ជាតិដោយបានគេចពន្ធ បញ្ជូនលុយចេញពីប្រទេស និងរើសអើងអ្នកជំនួញអ៊ូហ្កង់ដា ។ អាមីន ចោទថា ជនជាតិអាស៊ីមើលងាយជនជាតិអាហ្វ្រិកថា មិនមានលក្ខណៈស៊ីវិល័យ ដូចពួកគេទេ ។ ការណ៍នេះ បានជំរុញឲ្យមានពាក្យពេចន៍សម្អប់ និងហិង្សាលើជនជាតិអាស៊ីជាច្រើន ហើយជនផ្តាច់ការ អាមីន ទទួលបានការគាំទ្រកាន់តែខ្លាំង ក្នុងមូលដ្ឋានរបស់គាត់ ។
នៅថ្ងៃស្អែកខ្ញុំនឹងបង្ហាញជូនភាគបញ្ចប់នៃមេរៀនទី៣ ដោយផ្តោតលើ «ការប្រើប្រាស់ច្បាប់ជាឧបករណ៍នយោបាយ» «បង្កការឈឺចាប់ដល់ពលរដ្ឋ» និង«បង្កើតសង្គ្រាមជាមួយប្រទេសជិតខាង»។ សូមអរគុណ ៕
Credit: Men Kimseng
Review: 'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ', How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (1), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (2), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (3), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (4), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (5), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (6), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (7), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (8), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (9), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (10), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (11)
ไม่มีความคิดเห็น:
แสดงความคิดเห็น