How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (7)
«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»
កាលពីសប្តាហ៍មុនខ្ញុំបានសង្ខេបជូនមេរៀនទី ៣ ស្តីពី«ការដឹកនាំដោយការបំភិតបំភ័យ» ដោយផ្តោតលើការដឹកនាំរបស់ជនផ្តាច់ការ អ៊ីឌី អាមីននៃប្រទេសអ៊ូហ្កង់ដា ។ នៅសប្តាហ៍នេះខ្ញុំសូមជូនមេរៀនទី៤ដែលផ្តោតលើវិធីដែលជនផ្តាច់ការ ចូសេហ្វ ស្តាលីន នៃអតីតសហភាពសូវៀតបានប្រើវិធី«បំបិទការពិត» ដើម្បីធ្វើជាផ្នែកមួយនៃការដឹកនាំរបស់ខ្លួន ។
មេរៀនទី ៤ ៖ បំបិទការពិត
អ្វីដែលជាបញ្ហាប្រឈមជាប្រចាំចំពោះជនផ្តាច់ការនិងជំរុញឲ្យពួកគេត្រូវប្រយុទ្ធប្រឆាំងគ្រប់ពេល គឺ«ការពិត» ពីព្រោះការពិតជំរុញឲ្យពលរដ្ឋចេះចោទសួរពីគោលនយោបាយរបស់អ្នកដឹកនាំ។ រីឯមធ្យោបាយដែលពួកគេប្រើប្រាស់ដើម្បីបំបិទការពិត គឺ តាមរយៈការធ្វើយុទ្ធនាការឃោសនាបោកបញ្ឆោតនិងផ្សព្វផ្សាយព័ត៌មានមិនពិត ។
លោក ចូសេហ្វ ស្តាលីន នៃអតីតសហភាពសូវៀតគឺស្ថិតនៅក្នុងចំណោមជនផ្តាច់ការដែលប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីបំបិទការពិត ។ និយមន័យនៃការពិតសម្រាប់ ស្តាលីន គឺអ្វីក៏ដោយដែលថែរក្សាមរតកបដិវត្តន៍ គឺនោះហើយជាការពិត ក្រៅពីនេះគឺត្រូវតែកម្ទេច ។ គាត់បានកាន់តំណែងជាអគ្គលេខាធិការគណបក្សកុម្មុយនិស្តនៃសហភាពសូវៀតពីឆ្នាំ១៩២២ដល់១៩៥២ ។ ខាងក្រោមនេះគឺជាល្បិចខ្លះដែល ស្តាលីន ប្រើដើម្បីកាន់អំណាចដោយកណ្តាប់ដៃដែករយៈពេល ៣០ ឆ្នាំ ក្នុងរជ្ជកាលមួយដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើនលាននាក់ ។
ល្បិចទី ១ ៖ បំភ្លៃប្រវត្តិសាស្រ្ត
លោក ចូសេហ្វ ស្តាលីន បានចាប់ផ្តើមជីវិតតស៊ូដោយធ្វើជាមេក្រុមតូចមួយនៃពួកបះបោរ ដែលធ្វើសកម្មភាពឃោរឃៅ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាច្រើនដង ប៉ុន្តែបានរត់គេចរួចនិងនៅតែបន្តចូលរួមចលនាបដិវត្តន៍ ។ នៅពេលដែលរបបរាជានិយមបានដួលរលំដោយចលនាបដិវត្តន៍ដែលដឹកនាំដោយលោក វ្ល៉ាឌីមៀ ឡេនីន នៅឆ្នាំ១៩១៧ គឺ ស្តាលីន ត្រូវបានបញ្ចូលក្នុងការិយាល័យនយោបាយមជ្ឈិមបក្សនិងក្រោយមកបានកាន់តំណែងជាអគ្គលេខាធិការបក្សដែលមិនសូវមានអំណាច។ ការពិតទៅ ឡេនីន ព្រួយបារម្ភពីចរិតឃោរឃៅគ្មានមេត្តារបស់ស្តាលីន ហើយមិនចង់ប្រគល់អំណាចឲ្យដឹកនាំរដ្ឋាភិបាលទេ ព្រោះយល់ថាស្តាលីននឹងធ្វើឲ្យបក្សបែកបាក់ជាច្រើនបំណែក ។
ប៉ុន្តែនៅពេលដែល ឡេនីន ស្លាប់ គឺឧបសគ្គចុងក្រោយលែងមានទៀតហើយសម្រាប់ ស្តាលីន ដូច្នេះគាត់ត្រូវរៀបចំឆាកសម្តែងមួយទឹកចុងក្រោយ ដើម្បីយកអំណាចមកក្តាប់ក្នុងដៃ ។ ស្តាលីនខិតខំធ្វើសកម្មភាពជាច្រើន ដើម្បីបំភ្លៃប្រវត្តិសាស្រ្តចាស់ និងបង្ហាញថា គាត់គឺជាមនុស្សតែម្នាក់គត់ ដែលស្នងមរតកចក្ខុវិស័យបដិវត្តន៍ ។ ស្តាលីន បានលើកតម្កើង ឡេនីន ក្នុងនោះរួមមានសាងសង់វិមានរំលឹកគុណ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និងចងចាំ ។ គាត់បានថ្លែងសុន្ទរកថាប្រកបដោយទឹកភ្នែកស្រក់សស្រាក់ ដែលបង្ហាញថា គាត់ស្រឡាញ់ និងយល់ដឹងពីចក្ខុវិស័យរបស់ឡេនីន ។ មិនត្រឹមតែប៉ុណ្ណោះស្តាលីនខិតខំបង្ហាញសាធារណជនពីភាពស្និទ្ធស្នាលរបស់ខ្លួនជាមួយនឹងអតីតបីតាស្ថាបនិកនៃរបបកុម្មុយនិស្តសូវៀតដោយបានបញ្ចេញរូបថតផ្ទាល់ខ្លួនដែលបានថតជាមួយនឹងឡេនីន ។ ប៉ុន្តែវាគឺជារូបថតដែលស្តាលីនបានឲ្យគេកែប្រែដោយទាញរូបគាត់ឲ្យអង្គុយកៀកគ្នានឹងមេដឹកនាំជាងរូបដើម ពង្រីករូបស្តាលីនឲ្យធំជាងឡេនីន និងកែមុខគាត់ដើម្បីឲ្យបាត់ស្នាមអុចដែលបន្សល់ពីជំងឺអុតស្វាយ ។
ជាលទ្ធផល ស្តាលីន អាចពង្រឹងអំណាចបានទាំងស្រុង ទាំងនៅក្នុងបក្ស និងនៅក្នុងរដ្ឋាភិបាលតែក្នុងរយៈពេល ៥ ឆ្នាំ ដោយផាត់ចោលអតីតសមមិត្តក្នុងចលនាបដិវត្តន៍ ហើយបានក្លាយជាមេដឹកនាំតែម្នាក់ឯង នៃអតីតសហភាពសូវៀត ។ គាត់បានថ្លែង និងធ្វើសកម្មភាពដូចជាមានតែគាត់ម្នាក់គត់ ដែលដឹកនាំចលនារំដោះជាតិ ហើយអតីតមេដឹកនាំដទៃទៀត ត្រូវបានគាត់កម្ចាត់ចោលក្នុងរយៈពេលមិនដល់ ២ ឆ្នាំផង ។ អ្នកខ្លះស្លាប់បាត់ខ្លួន ជាប់គុក និងត្រូវធីបចោលកៀនជញ្ជាំង ។
តាំងពីពេលនោះមកគឺអ្វីៗដែលស្តាលីននិយាយគឺបានក្លាយជាឯកសារប្រវត្តិសាស្រ្តដោយគ្មានអ្នកណាហ៊ានចោទសួរថាពិតឬប្រឌិតឡើយ ។ គេបានបោះពុម្ភសៀវភៅសម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រទន្ទិញឲ្យចាំមាត់ ដោយដម្កល់ស្តាលីនជាបីតានៃបដិវត្តន៍ដែលមានគុណបំណាច់លើសគេទាំងអស់ ។
ល្បិចទី ២ ៖ បិទខ្ទប់ព័ត៌មាន
ឧបករណ៍ដ៏មានឥទ្ធិពលគឺបណ្តាញសារព័ត៌មាន ដូច្នេះអ្នកណាដែលគ្រប់គ្រងបានគឺអាចតម្រង់ទិសដៅនៃផ្នត់គំនិតរបស់ពលរដ្ឋក្នុងសង្គម ។ ដោយឡែកនៅក្នុងរបបអតីតសហភាពសូវៀត គឺលោកចូសេហ្វ ស្តាលីនមិនចាំបាច់ធ្វើអ្វីច្រើនទេ ដោយសារតែការគាបសង្កត់លើបណ្តាញសារព័ត៌មាន គឺមានតាំងតែពីរបបរាជានិយមមុនម្ល៉េះ ។ ប៉ុន្តែបើប្រៀបធៀបនឹងការគាបសង្កត់នៅក្រោមការដឹកនាំរបស់ស្តាលីនគឺអាក្រក់ជាងមុនរាប់សិបដង ។
ក្រោមការគ្រប់គ្រងរបស់ លោកស្តាលីន គឺ ប្រធានបទជាច្រើនត្រូវបានហាមឃាត់មិនឲ្យសារព័ត៌មានរាយការណ៍ ក្នុងនោះមានដូចជាគ្រោះទុរ្ភិក្ស តម្លៃប្រេងសាំងឡើងថ្លៃ ការកើនឡើងឧក្រិដ្ឋកម្ម ពលរដ្ឋគ្មានផ្ទះសម្បែង និងអត្រាអ្នកគ្មានការងារធ្វើ ជាដើម ។ គ្មានទេព័ត៌មានអំពីគ្រោះមហន្តរាយដែលនាំឲ្យខូចខាតដំណាំ ឬគ្មានទីផ្សារសម្រាប់កសិផលជាដើម ។ អ្វីដែលជាចំណុចអវិជ្ជមានរបស់សង្គមត្រូវហាមឃាត់មិនដូច្នេះទេគឺមានទោស ។ សូម្បីរាយការណ៍ពីឈ្មោះមន្ត្រីជាន់ខ្ពស់និងប្រពន្ធ ឬថ្នាំពេទ្យ ឬផ្សាយផលិតផលបរទេសក៏ត្រូវហាមឃាត់ដែរ ។
ក្រោមការដឹកនាំរបស់ស្តាលីន បណ្ណាល័យត្រូវបានបំផ្លាញឬរឹតត្បិត ។ សៀវភៅរបស់បស្ចិមប្រទេសក៏ត្រូវហាមឃាត់ដែរ ជាពិសេសសៀវភៅណាដែលបង្ហាញពីគំនិតឯករាជ្យរបស់បុគ្គល ។ ស្តាលីនជឿលើសមូហភាព ដែលមានដូចជាការបង្កើតសហករណ៍ជាដើម ។
ជាលទ្ធផលសូម្បីតែមានគ្រោះទុរ្ភិក្ស/ទុព្ភិក្ខភ័យ ដែលមានមនុស្សជាច្រើនលាននាក់ស្លាប់នៅរដ្ឋអ៊ុយក្រែន ដែលពេលនោះជាផ្នែកមួយនៃអតីតសហភាពសូវៀត ក៏គ្មានអ្នកនៅក្រៅពីតំបន់នោះដឹងឡើយ ។
ល្បិចទី ៣ ៖ ទាក់ទាញអ្នកក្រៅ
ពួកបស្ចិមប្រទេសមួយចំនួនជឿថា លោក ចូសេហ្វ ស្តាលីន បានផ្តល់ជម្រើសថ្មីមួយនៃការកសាងសង្គមនិយម ដូច្នេះពួកគេមិនជឿថាមានរឿងអាក្រក់កើតឡើងទេ ។ ស្តាលីន ហៅក្រុមនេះថា «មនុស្សឆ្កួតដែលអាចប្រើការបាន» ដោយសារពួកនេះមានអំណួតនឹងកេរ្តិ៍ឈ្មោះ ហើយគាត់អាចប្រើលុយកាក់ឬផ្តល់ផលប្រយោជន៍ដើម្បីទាក់ទាញឲ្យបម្រើរបបគាត់បាន ។
មេដឹកនាំផ្តាច់ការចូលចិត្តប្រើមនុស្សលក់ឧត្តមគតិដូច្នេះ ដើម្បីជួយលើកតម្កើង និងផ្តល់ភាពស្របច្បាប់ដល់របបរបស់ខ្លួន ។ ឧទាហរណ៍ លោកអាដុល ហ៊ីត្លែ នៃប្រទេសអាល្លឺម៉ង់ បានប្រើប្រាស់សមាជិករាជវង្សនុវង្សអង់គ្លេស ដើម្បីជួយលើកតម្កើងកេរ្តិ៍ឈ្មោះរបស់គាត់ ។ ជនផ្តាច់ការ ហ្វីដែល កាស្ត្រូ នៃប្រទេសគុយបា រាប់អានអ្នកនិពន្ធសៀវភៅ ដ៏ល្បីជាតិកូឡំប៊ី ឲ្យនិយាយល្អ និងការពារការដឹកនាំរបស់គាត់ ។ ជនផ្តាច់ការខ្លះជួលអ្នកនិពន្ធឲ្យសរសេរប្រវត្តិរបស់ខ្លួន ដោយផ្តោតលើចំណុចល្អជាដើម ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រាប់អានអតីតតារាបាល់បោះ ដ៏ល្បីឈ្មោះរបស់អាមេរិកាំង ដើម្បីបង្អួតពីគំនិតយល់ដឹងរបស់គាត់ពីបស្ចិមប្រទេស ។ល។ និង ។ល។
ចំណែក ស្តាលីន វិញបានអញ្ជើញអ្នកនិពន្ធនិងអ្នកទ្រឹស្តីឆ្វេងនិយមជ្រុលជាច្រើនឲ្យទៅមើលសមិទ្ធិផលនៃការដឹកនាំដ៏រុងរឿងរបស់គាត់នៅកន្លែងដែលគាត់រៀបចំជាមុនស្រេច ។ លើសពីនោះគាត់ថែមទាំងទាក់ទងអ្នកសារព័ត៌មាន New York Times របស់អាមេរិកាំងប្រចាំនៅទីក្រុងម៉ូស្គូឲ្យសរសេរព័ត៌មានល្អពីរបបកុម្មុយនិស្តនិងថែមទាំងបាននាំទៅមើលជីវភាពរស់នៅក្នុងរដ្ឋអ៊ុយក្រែន ។ បើទោះបីជាអ្នកសារព័ត៌មាននោះមើលឃើញខ្លះពីចំណុចអាក្រក់ក៏ប៉ុន្តែមិនបានរាយការណ៍ទេ គឺច្បិចតែចំណុចល្អប៉ុណ្ណោះ ។ ការណ៍នេះដោយសារតែស្តាលីនបានដឹងពីចំណុចខ្សោយរបស់អ្នកសារព័ត៌មាននោះថាជាមនុស្សល្មោភស្រីនិងមិនសូវខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទេហើយគាត់សប្បាយចិត្តដែលស្តាលីនបានផ្តល់ឱកាសឲ្យសម្ភាសផ្តាច់មុខមួយទល់នឹងមួយនិងអនុញ្ញាតឲ្យទៅមើលរដ្ឋអ៊ុយក្រែនដែលជាឱកាសកម្របានអ្នកណាទៅដល់ ។
ដោយសារល្បិចនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ស្តាលីន ល្បីល្បាញនៅទូទាំងពិភពលោក ថាដឹកនាំរបបសង្គមនិយមមួយដែលឆ្អិនឆ្អៅ ភ្លឺស្វាងនិងរីកចម្រើន ។
នៅថ្ងៃស្អែកខ្ញុំនឹងសង្ខេបជូនភាគបញ្ចប់នៃមេរៀនទី៤នេះដោយផ្តោតលើ ការបំផ្លាញសាសនា ប្រើប្រាស់អ្នកវិទ្យាសាស្រ្តពុករលួយ និង បំផ្លាញទំនុកចិត្តរបស់ពលរដ្ឋលែងឲ្យជឿទុកចិត្តគ្នា។ សូមអរគុណ ៕
Credit: Men Kimseng
Review: 'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ', How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (1), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (2), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (3), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (4), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (5), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (6), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (7), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (8), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (9), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (10), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (11)
ไม่มีความคิดเห็น:
แสดงความคิดเห็น