How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10) - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10)

Share This

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10)


«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»

មេរៀនទី ៦ ៖ ការកាន់អំណាចតពូជជាអមតៈ


លោក គីម អ៊ីលស៊ុង បិតាស្ថាបនិក នៃប្រទេសកូរ៉េខាងជើង បានចេញដំណើរពីមេទ័ពតស៊ូក្នុងព្រៃមកបង្កើតបានជាសន្តតិវង្សមួយ ដែលកាន់អំណាចតពីគាត់រហូតដល់ចៅ ក្នុងពេលបច្ចុប្បន្ន ។  គាត់បានប្រែក្លាយបន្តិចម្តង ៗ ឲ្យប្រទេសទាំងមូលក្លាយជាកន្លែងដែលគោរពបូជាគ្រួសារ របស់គាត់ដូចជាព្រះ និងដាក់ប្រជាពលរដ្ឋមួយប្រទេសឲ្យនៅជាប់ក្នុងគុកគ្មានជញ្ជាំង​ ។  មិនត្រឹមតែប៉ុណ្ណេះ គាត់អាចប្រែក្លាយប្រទេសជាតិឲ្យមានអំណាចនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិកក្នុងការផ្តួលរំលំរាជអាណាចក្រត្រកូលគីម ។ 


ក្នុងការកាន់អំណាច មេដឹកនាំកូរ៉េខាងជើង បានប្រើប្រាស់លទ្ធិបុគ្គលនិយម (អ្នកខ្លះហៅថា លទ្ធិទំយើបុគ្គល) ដែលមេដឹកនាំផ្តាច់ការ ក្នុងប្រវត្តិសាស្ត្រ បានប្រើប្រាស់តាំងពីសម័យបុរាណ ។  (តើបងប្អូនចង់ដឹងថាលទ្ធិបុគ្គលនិយមមានលក្ខណៈដូចម្តេចខ្លះទេ ? បើមានពេលទំនេរចាំខ្ញុំសង្ខេបជូនពីលទ្ធិបុគ្គលនិយម) ។  ដោយសង្ខេបគឺលទ្ធិបុគ្គលនិយមចាត់ទុកមេដឹកនាំជាប្រភពនៃបញ្ញាញាណ និងគុណធម៌ ដែលគ្មាននរណាប្រៀបផ្ទឹមបានឡើយ ។

 

លោក  គីម អ៊ីលស៊ុង  បានក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ១៩៤៨ ដោយសារការធ្វើសង្គ្រាមប្រឆាំងនឹងជប៉ុន ហើយត្រូវបានអតីតសហភាពសូវៀតលើកបន្តុបឲ្យកាន់តំណែង នៅភាគខាងជើងប្រទេសកូរ៉េក្រោយពីចប់សង្គ្រាមលោកលើកទី ២ ។  លោកបានរៀនសូត្រវិធីដឹកនាំដោយសម្ងាត់ពីគ្រូរបស់គាត់គឺលោក ចូសេហ្វ ស្តាលីន ។  ដូច្នេះវិធីដែលគាត់បន្តរក្សាអំណាចគឺត្រូវតែកម្ទេចមន្ត្រីក្នុងបក្សចោលបើមិនធ្វើអ្វីតាមគាត់ទេឬជួនកាលត្រូវសម្លាប់ចោលដើម្បីធ្វើជាគំរូបំភ័យអ្នកផ្សេង ។ 


ខាងក្រោមនេះជាល្បិចដែលគាត់ប្រើប្រាស់ដើម្បីគ្រប់គ្រងប្រទេសទាំងស្រុង ៖


ល្បិចទី ១ ៖ ដាក់ប្រទេសឲ្យនៅឯកោ


មេដឹកនាំកូរ៉េខាងជើងបានកាត់ផ្តាច់ទំនាក់ទំនងប្រជាពលរដ្ឋពីពិភពខាងក្រៅ ។  នៅទីនោះគ្មានការទទួលបានព័ត៌មាន ទូរទស្សន៍មានតែមួយប៉ុស្តិ៍ ទូរស័ព្ទត្រូវបានរដ្ឋលួចថត  ប្រជាពលរដ្ឋ មិនអាចធ្វើដំណើរក្នុងប្រទេសដោយសេរី  ហើយពួកគេមិនអាចចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាតបានឡើយ ។ 


គោលគំនិតទាំងនេះ ត្រូវបានបង្កើតឡើងដោយលោក គីម អ៊ីលស៊ុង ក្រោមគោលការណ៍«ឯករាជ្យម្ចាស់ការ» ព្រោះមេដឹកនាំយល់ថាការពឹងពាក់និងទំនាក់ទំនងនឹងបរទេសគឺប៉ះពាល់ដល់អធិបតេយ្យភាពជាតិ​ ។  រីឯមធ្យោបាយតែមួយគត់សម្រាប់ប្រជាពលរដ្ឋកូរ៉េខាងជើង អាចរស់បាន គឺ ត្រូវរួមគ្នាក្រោមការដឹកនាំរបស់លោក គីម អ៊ីលស៊ុង ។  

(បញ្ជាក់៖ ក្នុងការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហមក្នុងទសវត្សរ៍ ១៩៧០ ក៏ពួកវាប្រើគោលការណ៍នេះដែរ) ។


ល្បិចនេះ មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ប្រជាពលរដ្ឋ មិនឲ្យអាក់អន់ចិត្តនឹងការដឹកនាំរបស់រដ្ឋ ពីព្រោះការបើកឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពីខាងក្រៅ គឺជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះជនផ្តាច់ការ ។ 


ល្បិចទី ២ ៖ រក្សាអំណាចតែក្នុងក្រុមគ្រួសារ


ដើម្បីបន្តនិរន្តរភាពអំណាច ពួកជនផ្តាច់ការរក្សាអំណាចតែក្នុងរង្វង់បក្ខពួក និងក្រុមគ្រួសារ និងផ្ទេរទៅឲ្យកូន ៗ​ របស់ពួកគេទៅតាមពេលវេលាសមស្របណាមួយ ។  ការណ៍នេះដោយសារតែវាមានផលប្រយោជន៍ដល់មេដឹកនាំនិងបក្ខពួកនៅជុំវិញខ្លួនគេតែប៉ុណ្ណោះនិងដើម្បីរក្សាបក្ខពួកកុំឲ្យក្បត់ហើយស្មោះត្រង់ដល់ថ្ងៃស្លាប់ ។


មកដល់ចំណុចនេះ សូមបងប្អូនអ្នកអានកុំអាលអស់សង្ឃឹមអី ពីព្រោះមានជនផ្តាច់ការជាច្រើនណាស់បានព្យាយាមបន្តអំណាចដល់ទាយាទដែលជាកូនរបស់ខ្លួន ប៉ុន្តែមិនបានជោគជ័យទេ ។ សូមមើលគំរូ លោក សាដាម ហ៊ូសេន  លោក ម៉ូអាម៉ា ហ្កាដាហ្វី និងលោក ចូសេហ្វ ស្តាលីន ជាដើម ។ ចុះតើលោក គីម អ៊ីលស៊ុង មានអ្វីខុសពីគេ ? ចម្លើយគឺ ពួកគេខិតខំពង្រឹងលទ្ធិបុគ្គលនិយម ។ ដូច្នេះសូមបងប្អូនប្រយ័ត្ន បើមេដឹកនាំណាដែលជំរុញឲ្យមានសកម្មភាពទំយើបុគ្គល ដោយមានតែងចម្រៀង កំណាព្យ និង និពន្ធសៀវភៅសរសើរបុគ្គលនោះ គឺ គោលដៅធំរបស់គេ គឺ ការបន្តមរតកនេះទៅកូនចៅហើយ ។

 

សម្រាប់មេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង គឺគាត់មានកូនប្រុសច្រើនសម្រាប់បន្តតំណែង ដូច្នេះគាត់ត្រូវជ្រើសរើសដោយប្រយ័ត្នប្រយែងនិងធ្វើឲ្យអ្នកដទៃមើលមិនឃើញច្បាស់ ។ ដំបូងគាត់ជ្រើសរើសកូនប្រុសឈ្មោះ គីម ព្យុងអ៊ីល ។ ចុះចំណែកលោក គីម ជុងអ៊ីល វិញ​ ? គាត់ត្រូវឪពុកទុកចោល ។ ដូច្នេះហើយទើបគាត់ចាប់ផ្តើមផែនការ ដើម្បីធ្វើឲ្យឪពុកស្រឡាញ់ ពីព្រោះពួកត្រកូលអ្នកដឹកនាំដែលនឹងបន្តតំណែងដោយមិនតាមក្បួនប្រជាធិបតេយ្យ ពួកគេមានផ្នត់គំនិតមួយគឺថា «បើអញមិនសម្លាប់គេ គឺមានតែគេសម្លាប់អញហើយ» ។ 


ឱកាសរបស់ គីម ជុងអ៊ីល បានលេចឡើងនៅចំពោះមុខនៅពេលដែលឪពុករបស់គាត់បានសម្លាប់មន្ត្រីជាច្រើនចោលក្នុងនោះ មានរដ្ឋមន្ត្រីក្រសួងឃោសនាការផងដែរ ។  លោក គីម អ៊ីលស៊ុង ខឹងនឹងក្រសួងនោះ ដែលឃោសនាពីចលនាបដិវត្តន៍មិនបានល្អ ។  ពេលនោះលោក គីម ជុងអ៊ីល បានស្ម័គ្រចិត្តមកដឹកនាំនាយកដ្ឋានសិល្បៈ និងភាពយន្តដើម្បីបង្អាញថា ខ្លួនជាកូនល្អដែលមានកាតព្វកិច្ចជួយឪពុក ។ 


ក្នុងរយៈពេលតែ ២ ឆ្នាំ លោក គីម ជុងអ៊ីល បានឡើងមកជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៅអាយុ ២៧ ឆ្នាំ ។  ក្នុងតំណែងនេះគាត់បានផលិតភាពយន្តឯកសារ ចម្រៀង កំណាព្យ និងរឿងជាច្រើនដែលដំឡើងក្រុមគ្រួសារត្រកូលគីម ឲ្យប្រៀបដូចជាត្រកូលរាជវង្សមួយ ដែលមកចាប់ជាតិជាថ្មី ដើម្បីដឹកនាំប្រទេសក្នុងយុគសម័យទំនើប ។ 


សូមរង់ចាំអានភាគបន្តនៅថ្ងៃស្អែក ។  សូមអរគុណ៕


Credit: Men ​Kimseng


Review:  'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ',   How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(1),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(2),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(3),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(5),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(7),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(8),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11)





ไม่มีความคิดเห็น:

แสดงความคิดเห็น