How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6) - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6)

Share This

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6)

«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»

មេរៀនទី ៣ ៖ ការដឹកនាំដោយការបំភិតបំភ័យ (តចប់) 

ល្បិចទី ៣ ៖ ប្រើប្រាស់ច្បាប់ជាឧបករណ៍


បើទោះបីជា  អ៊ីឌី អាមីន  បានគ្រប់គ្រងលើសេដ្ឋកិច្ច រដ្ឋាភិបាល និងរដ្ឋបាលទាំងមូលក្ដី  ប៉ុន្តែមិនអាចគ្រប់គ្រងលើប្រព័ន្ធតុលាការបានទេ​ ។  មកដល់ពេលនេះ លោកអ្នកដឹងហើយថា  ជនផ្តាច់ការស្អប់បំផុតអ្នកជំទាស់នឹងផែនការរបស់ខ្លួន ។  ជនផ្តាច់ការខ្លះ យកតុលាការ ប្រើជាឧបករណ៍នយោបាយដើម្បីកម្ចាត់អ្នកប្រឆាំង  ប៉ុន្តែ អាមីន បានប្រើវិធីដកហូតអំណាចតុលាការ  ដោយព្យួរផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញ ដើម្បីផ្តល់អំណាចដល់ខ្លួន  គាត់អាចចេញក្រឹត្យ ដើម្បីសម្រេចកិច្ចការផ្សេង ៗ ជាពិសេសប្រើប្រាស់ច្បាប់ដើម្បីកម្ចាត់ឧបសគ្គនៅចំពោះមុខ ។ 


បន្ទាប់ពីធ្វើឲ្យតុលាការចុះខ្សោយដោយមិនយកមកប្រើការបាន គឺ អ៊ីឌី អាមីន អាចប្រើប្រាស់ច្បាប់ដែលគាត់តាក់តែងឡើងតាមចិត្តដើម្បីដាក់កំហុសលើសហគមន៍អាស៊ី នៅក្នុងប្រទេស ។  គាត់បានទុកពេលបីខែឲ្យពួកគេលក់ហាង និងចាកចេញពីអ៊ូហ្កង់ដា ។  វាជាការភ្ញាក់ផ្អើលដ៏ធំសម្រាប់អ្នកទាំងនោះដោយសារអ្នកខ្លះរស់នៅក្នុងប្រទេសអ៊ូហ្កង់ដាជាច្រើនជំនាន់ និង មិនដែលរស់នៅឥណ្ឌាទេ ។ ពួកគេបានអំពាវនាវឲ្យតុលាការជួយដែរ  ប៉ុន្តែដូចលោកអ្នកដឹងហើយ គឺ តុលាការមិនអាចជួយបានទេ ។ 


ពួកជនជាតិឥណ្ឌា បានចាកចេញដោយក្តីអស់សង្ឃឹម និងមិនមានគោលដៅច្បាស់លាស់ ។ ពួកគេយកបានតែរបស់របរជាប់ខ្លួនតិចតួចប៉ុណ្ណោះ ។ ​ អ្នកខ្លះបោះបង់រថយន្តចោលដោយទុកកូនសោរនៅក្នុងនោះ ។  ចំណែកឯប្រជាពលរដ្ឋអាហ្វ្រិកទូទាំងប្រទេសវិញ បានអបអរសាទរនឹងគោលនយោបាយរបស់  អាមីន និងដឹងគុណគាត់​ ។   គាត់បានយកហាងនិងអាជីវកម្មផ្តល់ទៅឲ្យពួកអាហ្វ្រិក ។ 


មិនយូរប៉ុន្មាន ប្រទេសជាតិកើតមានអតិផរណាច្រើន  ហើយផ្នែកខ្លះនៃសេដ្ឋកិច្ចបានដួលរលំដោយសារជនជាតិអ៊ូហ្កង់ដា​ មិនចេះចាត់ចែងហាង និងធ្វើជំនួញទេ ។  ការរត់ពន្ធឆ្លងព្រំដែនកើតឡើងយ៉ាងអាណាធិបតេយ្យ។  ការណ៍នេះនាំឲ្យដំណោះស្រាយ​របស់ អាមីន ហាក់មានអាយុកាលខ្លីប៉ុណ្ណោះហើយប្រជាពលរដ្ឋចាប់ផ្តើមខឹងសម្បាជាថ្មី ។ ​ ពេលនេះជនផ្តាច់ការរូបនេះអស់មានអ្នកទម្លាក់កំហុសដាក់ដើម្បីរួចខ្លួនទៀតហើយ​ ។  ដូច្នេះមានតែអនុវត្តល្បិចបន្ទាប់ គឺ បំបិទមាត់ចោលជាអចិន្ត្រៃយ៍នូវរាល់អ្នកដែលហ៊ានតវ៉ា ។  


ល្បិចទី ៤​ ៖  បង្កការឈឺចាប់


ដើម្បីបង្វែងដានពីបរាជ័យខាងអាជីវកម្មនិងសេដ្ឋកិច្ច ជនផ្តាច់ការ អ៊ីឌី អាមីន រិះរកវិធីថ្មី ដើម្បីបំបិទមាត់ប្រជាពលរដ្ឋ ដែលមិនសប្បាយចិត្តនោះ គឺ ការធ្វើទារុណកម្ម ។  ល្បិចនេះត្រូវបាន ប្រើប្រាស់ក្នុងប្រទេសកម្ពុជា នៅរបបប៉ុល ពត ។  ក្រសួងសន្តិសុខជាតិនៅកូរ៉េខាងជើង ក៏បានប្រើវិធីធ្វើទារុណកម្មប្រជាពលរដ្ឋ ។  ក្រសួងសន្តិសុខផ្ទៃក្នុងនៃអតីតសហភាពសូវៀតក្រោមការដឹកនាំរបស់ លោក ចូសេហ្វ ស្តាលីន​ ក៏បានប្រើប្រាស់វិធីធ្វើទារុណកម្មដែរ ។ 


នៅអ៊ូហ្កង់ដា អ៊ីឌី អាមីន ប្រើប្រាស់ការិយាល័យស្រាវជ្រាវរដ្ឋ ដើម្បីបំបិទសំឡេងប្រឆាំងដោយចាប់មនុស្សតាមផ្លូវ ឬតាមភោជនីយដ្ឋានពេលដែលជនរងគ្រោះ កំពុងទទួលទានអាហារ ហើយយកទៅដាក់ក្នុងឃ្លុបរថយន្ត ហើយបើកចេញទៅ ។  ជនរងគ្រោះត្រូវគេយកមកធ្វើទារុណកម្ម និងសួរចម្លើយនៅការិយាល័យស្រាវជ្រាវរដ្ឋ ហើយអ្នកដែលចូលមកកម្របានចាកចេញវិញណាស់ ។  ប៉ុន្តែជួនកាល អាមីន និងដៃជើងរបស់គាត់ឲ្យអ្នកខ្លះរត់គេចចេញរួច ដោយចេតនា ដើម្បីយករឿងធ្វើទារុណកម្មនិយាយចេញក្រៅ ក្នុងគោលបំណងបំបាក់ស្មារតីអ្នកដទៃទៀត ។  ជាលទ្ធផលប្រជាពលរដ្ឋធម្មតាលែងទុកចិត្តគ្នា​និងគ្នា និងលែងហ៊ានបង្កើតកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល​ ។ 


ប៉ុន្តែជនផ្តាច់ការ​ អ៊ីឌី អាមីន បានដើរភ្លាត់ស្នៀតមួយ  គឺ  គាត់បានដើរជ្រុលរហូតដល់សម្លាប់គ្រូប្រដៅសាសនាគ្រឹស្តមួយរូបឈ្មោះ ចាណានី លួម(Janani Luwum) ដែលពលរដ្ឋគោរពស្រឡាញ់ ជាច្រើននៅទូទាំងតំបន់អាហ្វ្រិកខាងកើត ។  គ្រូប្រដៅសាសនានោះមិនញញើតនឹងថ្លែងការណ៍ប្រឆាំងនឹងអំពើហិង្សាទេ ហើយបានសរសេរសំបុត្រមួយច្បាប់ទៅ អាមីន កុំឲ្យប្រព្រឹត្តហិង្សា ។  សំបុត្រតែមួយច្បាប់នេះ គឺ គ្រប់គ្រាន់សម្រាប់ អាមីន យល់ថា ព្រះអង្គ ជាការគំរាមកំហែងដល់ការដឹកនាំ និង បានចោទព្រះអង្គ និងរដ្ឋមន្ត្រីពីរនាក់ ពីបទចង់ផ្តួលរំលំរដ្ឋាភិបាល និង បានសម្លាប់ចោលទាំងបីនាក់ ។  សាកសពត្រូវបានគេយកទៅទម្លាក់ចោលក្នុងរថយន្តខូចខ្ទេចខ្ទី ដែលប្រៀបបីដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ។  ប៉ុន្តែការពិត គឺ ក្រុមសន្តិសុខរបស់ អាមីន បានចាប់ព្រះអង្គ ចាណានី លួម  យកទៅធ្វើទារុណកម្មនៅការិយាល័យស្រាវជ្រាវរដ្ឋ ហើយបង្ខំព្រះអង្គឲ្យសារភាព ប៉ុន្តែព្រះអង្គមិនព្រមដូច្នេះ អាមីន ក៏បានបាញ់សម្លាប់ដោយផ្ទាល់ដៃ ។ 


មកដល់ពេលនេះទើបពលរដ្ឋលែងជឿពាក្យឃោសនាបោកប្រាស់និងយុទ្ធនាការបញ្ចើចបញ្ចើរបស់អាមីនហើយយល់ថាដល់ពេលដែលជនផ្តាច់ការរូបនេះត្រូវតែចុះចេញពីអំណាច។


ល្បិចទី ៥៖ បង្កើតសង្គ្រាម


មកដល់ឆ្នាំ ១៩៧៨ ជនផ្តាច់ការ អ៊ីឌី អាមីនដើរមកដល់ផ្លូវទាល់ច្រកដោយសារការបះបោរក្នុងស្រុកកាន់តែកើនសំទុះ ។  ដូច្នេះដើម្បីបង្វែងដានជនផ្តាច់ការរូបនេះ បានងាកមករកលេសដើម្បីធ្វើសង្គ្រាមជាមួយនឹងប្រទេសតង់ហ្សានី ដែលនៅជិតខាង ។  ប៉ុន្តែគាត់គិតខុស ដែលថាសង្គ្រាមនឹងជួយដាស់ស្មារតីជាតិនិយមឲ្យបន្តគាំទ្រគាត់ ។  ទន្ទឹមគ្នានេះដែរទាហានអ៊ូហ្កង់ដា ពូកែបាន​តែធ្វើបាបប្រជាពលរដ្ឋដែលគ្មានអាវុធ​  ហើយបើទោះបីជាពួកគេ​មានអាវុធទំនើប ៗ​ មែនក៏ដោយ ក៏ពួកគេមិនដែលប្រយុទ្ធនឹងអ្នកប្រឆាំងដែលមានអាវុធទេ ។ ​ ផ្ទុយទៅវិញ ទាហានតង់ហ្សានីមានវិន័យ និងសណ្តាប់ធ្នាប់ ហើយអាចប្រយុទ្ធដោយមិនខ្លាចស្លាប់ ។  


(សូមបើកវង់ក្រចកបន្តិចត្រង់ចំណុចនេះ ដើម្បីពន្យល់ឲ្យបងប្អូនអ្នកអានយល់ពីបរិបទ ប្រទេសទាំងពីរ ។ ប្រទេសអ៊ូហ្កង់ដា តូចជាង បើប្រៀបធៀបនឹងប្រទេសតង់ហ្សានី គឺអ៊ូហ្កង់ដា តូចដូចកម្ពុជា បើធៀបនឹងប្រទេសថៃ ។  ប្រទេសទាំងពីរមានទំនាស់ព្រំដែនដូចខ្មែរ និងថៃដែរ  ហើយតង់ហ្សានីតែងតែអនុញ្ញាតឲ្យក្រុមប្រឆាំងជ្រកកោន ។  សូម្បីអតីតប្រធានាធិបតីអ៊ូហ្កង់ដា ក៏ជ្រកកោននៅទីនោះដែរ ក្រោយពី អាមីន បានធ្វើរដ្ឋប្រហារ  ហើយលោកតែងតែស្រែកពីក្រៅប្រទេសឲ្យប្រជាពលរដ្ឋក្រោកឈរឡើងរំលំរបបផ្តាច់ការរបស់​ អ៊ីឌី អាមីន ។ ការណ៍នេះធ្វើឲ្យ អាមីន ក្តៅក្រហាយណាស់) ។ 


បន្ទាប់ពីទាហានរបស់ អាមីន ចូលឈ្លានពានប្រទេសតង់ហ្សានី បានតែបន្តិច ប្រទេសជិតខាងដែលមានទំហំធំជាងនេះ មានហេតុផលស្របច្បាប់គ្រប់គ្រាន់ ដើម្បីចូលឈ្លានពាន និង ផ្តួលរំលំរដ្ឋាភិបាលរបស់ជនផ្តាច់ការនេះ ។  ទាហានរបស់អ៊ូហ្កង់ដា បរាជ័យយ៉ាងរហ័ស ។ 


ពេលដែលទាហានតង់ហ្សានី​ ចូលឈ្លានពាន អាមីន ស្នើឲ្យប្រជាពលរដ្ឋក្រោកឈរឡើង ដើម្បីប្រឆាំង និងប្រយុទ្ធដើម្បីគាត់  គឺប្រជាពលរដ្ឋដែលគាត់បានរំលោភបំពាន​ និងធ្វើបាបឲ្យរស់នៅក្នុងស្ថានភាពភ័យខ្លាចជាច្រើនឆ្នាំហើយ ។  គ្មានអ្នកណាងើបឡើងជួយគាត់ទេ ។  នៅទីបំផុតជនផ្តាច់ការរូបនោះបានរត់ភៀសខ្លួនទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត និង រស់នៅទីនោះអស់មួយជីវិត លែងបានចូលស្រុក ។ 


នេះជាកំហុសដ៏ធំបំផុតរបស់ជនផ្តាច់ការរូបនេះ​ ដែលធ្វើសង្គ្រាមដោយមិនប្រមាណថា ខ្លួនអាចយកជ័យជម្នះបាន ។  ប៉ុន្តែការពិតទៅគាត់គ្រាន់តែចង់បើកឆាកប្រយុទ្ធតិចតួច ដើម្បីបង្វែងដាន ដោយមិននឹកស្មានថា​ តង់ហ្សានីលេងមែនទែន ៕ 


នៅសប្តាហ៍ក្រោយខ្ញុំនឹងសង្ខេបជូនមេរៀនទី​ ៤ ដែលផ្តោតលើ ការដឹកនាំដោយបំបិទការពិត ដែលបង្ហាញលោកអ្នកឲ្យដឹងល្បិចរបស់ជនផ្តាច់ការ ចូសេហ្វ ស្តាលីន នៃអតីតសហភាពសូវៀត។ សូមអរគុណ៕


Credit: Men Kimseng


Review:  'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ',   How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(1),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(2),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(3),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(5),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(7),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(8),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11)










ไม่มีความคิดเห็น:

แสดงความคิดเห็น