រ៉ែលោហធាតុកម្រ(Rare-Earth Elements) ត្រូវគេយកមកប្រើប្រាស់សម្រាប់ផលិតបន្ទះChip កុំព្យូទ័រ ក្បាលទួរប៊ីនខ្យល់ និងបច្ចេកវិទ្យាផ្នែកយោធាជាដើម។ អ្នកជំនាញវាយតម្លៃថា ប្រទេសអាហ្វហ្គានីស្ថាន មានរ៉ែនេះ ក្នុងទំហំទឹកប្រាក់រហូតដល់ ៣ លានលាន (ទ្រីលាន) ដុល្លារ (តម្លៃឡើងចុះអាស្រ័យទីផ្សារ)។
ខាងក្រោមនេះជាស្ថានភាពខ្លះពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និង កំណប់ក្នុងដីរបស់ អាហ្វហ្គានីស្ថាន ៖
១) ឆ្នាំ ២០១០ អ្នកជំនាញរ៉ែរបស់អាមេរិកាំង រកឃើញថា ប្រទេសអាហ្វហ្គានីស្ថាន មានរ៉ែលោហធាតុកម្រ ដែលមានទឹកប្រាក់ ១លានលាន(ទ្រីលាន) ដុល្លារ តាមតម្លៃទីផ្សារពេលនោះ ប៉ុន្តែ បើយើងទាញទ្រនិចនាឡិការថយក្រោយបន្តិច គឺ នៅឆ្នាំ ២០០៦ រដ្ឋបាលលោក ចច ប៊ូស បានចាប់ផ្តើមគូសផែនទីកំណត់ទីតាំងធនធានរ៉ែរបស់អាហ្វហ្គានីស្ថាន ដោយផ្អែកលើផែនទីចាស់ របស់អតីតសហភាពសូវៀត។ មកដល់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា លោកបានបង្កើតក្រុមការងារមួយ ដើម្បីបង្កើតឧស្សាហកម្មអាជីវកម្មរ៉ែរបស់អាហ្វហ្គានីស្ថាន ប៉ុន្តែអាជីវកម្មមិនអាចដំណើរការបាន ដោយសារតែអំពើពុករលួយ បញ្ហាសន្តិសុខ កង្វះផ្លូវថ្នល់ ស្ពាន ឬផ្លូវរថភ្លើង។ រីឯលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ក៏មិនយល់ព្រមដែរ ខ្លាចចំណូលបានពីរ៉ែ និងនាំអោយមានបញ្ហាច្របូកប្របល់ កាន់តែធំក្នុងសង្គមដោយសារតែអំពើពុករលួយ ។
២) ប៉ុន្តែពេលមកដល់ឆ្នាំ ២០១៧ នៅពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចភ្លាម លោក Ashraf Ghani បានលើកយកបញ្ហានេះមកពិភាក្សាជាមួយនឹងលោក ដូណាល់ ត្រាំ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ដែលប្រទេសនេះមាន។ វាអាចជាហេតុផលមួយទាក់ទាញអោយអាមេរិក បន្តបេសកកម្មយោធានៅអាហ្វហ្គានីស្ថានផងដែរ ។
៣) មន្ត្រីរដ្ឋបាលលោកត្រាំ ៣ នាក់ បានពិភាក្សាបញ្ហានេះជាមួយនឹងនាយកក្រុមហ៊ុន American Elements ដែលមានជំនាញផលិតរ៉ែប្រភេទនេះ។ ក្រុមហ៊ុននេះ ក៏មានកងសន្តិសុខផ្ទាល់ខ្លួន ដែលអាចការពារបានដែរ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ គឺ រ៉ែនេះ ស្ថិតនៅក្នុងតំបន់ភាគច្រើនដែលគ្រប់គ្រងដោយពួកតាលីបាន គឺ ខេត្ត Helmand ។
៤) មកដល់អាំណត្តិលោក ត្រាំ អាមេរិក មិនទាន់ បានទាញផលធនធានធម្មជាតិអ្វី ពី អាហ្វហ្គានីស្ថាននៅឡើយទេ ខណៈចិនទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែស្ពាន់ ដែលមានតម្លៃទឹកប្រាក់ ៣ ពាន់លានដុល្លារ នៅចម្ងាយ ៤០ គីឡូម៉ែត្រ ខាងជើងទីក្រុងកាប៊ុល។ លោក ត្រាំ ធ្លាប់ខឹងសម្បារថា អាមេរិកជាអ្នកចំណាយកម្លាំង រីឯចិនជាអ្នកកើបធនធាន។ លោក ត្រាំ បានចាប់អារម្មណ៍ខ្លាំង ហើយមន្ត្រីរបស់លោក ក៏បានទាក់ទងអតីតមន្ត្រីរបស់រដ្ឋបាលលោក អូបាម៉ា ដែលដឹងពីរឿងនេះ ដើម្បីសុំយោបល់ ប៉ុន្តែត្រូវបានប្រាប់វិញថា តម្លៃទីផ្សារធ្លាក់ចុះច្រើន គឺ មិនខ្ពស់ដូចឆ្នាំ ២០០៩ ទេ ។
៥) យ៉ាងណាក៏ដោយ មកដល់ ចុងខែកញ្ញា ឆ្នាំ ២០១៧ លោក ត្រាំ និងលោក ហ្គានី បានព្រមព្រៀងគ្នាអនុញ្ញាតអោយក្រុមហ៊ុនអាមេរិកាំង ចាប់ផ្តើមដំណើរការអាជីវកម្ម បើទោះបីជាផលចំណេញអាចតិច ដោយសារតែហេតុផលសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ។ លោក ត្រាំ បានហៅវាថា ជាយុទ្ធសាស្រ្ត«ឈ្នះ-ឈ្នះ» សម្រាប់ប្រទេសទាំងពីរ ។ មកដល់ចុងឆ្នាំ ២០១៩ ក្រុមហ៊ុនអាមេរិកាំងមួយ ទើបទទួលបានសិទ្ធិជាផ្លូវការ ដើម្បីធ្វើអាជីវកម្មរ៉ែ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលជាផ្លែផ្កានៅឡើយទេ។ ដោយហេតុផលណាមួយមិនច្បាស់លាស់ ក្រុមហ៊ុននេះ ក៏ប្រកាសលែងដេញថ្លៃបន្តអាជីវកម្ម ។ លោក ត្រាំ ក៏បាត់បង់តំណែង ។
៦) លោក ហ្គានី ក៏បានផ្តល់ឱកាសអោយលោកប្រធានាធិបតី ចូ បៃដិន ដែលទើបឡើងថ្មី អោយធ្វើអាជីវកម្មរ៉ែដែរ ដើម្បីបញ្ឈប់លែងពឹងលើរ៉ែរបស់ចិន ដោយសារបច្ចុប្បន្ន ចិន គឺ ជាអ្នកផ្គត់ផ្គង់រ៉ែលោហធាតុកម្រច្រើនជាងគេអោយ អាមេរិក ហើយក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន ក្នុងរដ្ឋបាលលោក ត្រាំ ក៏ត្រូវចិនយកបញ្ហានេះ មកគំរាមផងដែរ។ ការណ៍នេះនាំអោយអ្នកវិភាគខ្លះថាលោក បៃ ដិន ប្រហែលជានឹងមិនដកកងទ័ពអាមេរិកចេញទេ ។
លទ្ធផលចុងក្រោយ គឺ លោក បៃដិន បានផ្តល់អាទិភាពលើជីវិតពលរដ្ឋអាមេរិកាំង ច្រើនជាង និងគោរពតាមការសន្យា ក្នុងពេលឃោសនាបោះឆ្នោតថា បញ្ចប់សង្គ្រាម ដែលយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក។
លោក បៃដិន បានដកស្រង់ពាក្យដែលគេនិយាយតៗគ្នាថា ប្រទេសអាហ្វហ្គានីស្ថាន គឺ ជា «ផ្នូរកប់ខ្មោចសម្រាប់មហាអំណាច» ដោយសារមហាអំណាច ឬប្រទេសចក្រពត្តិតែងតែចាញ់សង្គ្រាមនៅទីនោះ។ មកដល់ពេលនេះ រ៉ែដែលមានតម្លៃមហាសាលនេះ នៅមិនទាន់ខូចខាតនៅឡើយទេ។ រីឯ បញ្ហាចិនធ្វើអាជីវកម្មរ៉ែ នៅអាហ្វហ្គានីស្ថាន ខ្ញុំទុកអោយអ្នកជំនាញចិន បកស្រាយចុះ។
តើបងប្អូនចង់ដឹងថា ហេតុអ្វីបានជាគេហៅប្រទេសអាហ្វហ្គានីស្ថានថាជា «ផ្នូរកប់ខ្មោចសម្រាប់មហាអំណាច» ទេ? បើមានពេលទំនេរខ្ញុំនឹងជម្រាបជូន។
ប៉ុន្តែនៅថ្ងៃស្អែក ខ្ញុំនឹងផ្សាយជូនឯកសារស្តីពីរបៀបដែលជនផ្តាច់ការឡើងកាន់អំណាច តាមការសន្យារបស់ខ្ញុំក្នុងពេលកន្លងមក ។ សូមអរគុណ៕
Credit: Men Kimseng
Review: 'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ', វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (1), វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (2-តចប់), គោលជំហរ របស់លោក ចូ បៃដិន (Joe Biden) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (1), គោលជំហរ របស់លោក ចច ប៊ូស (George W. Bush) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (2), គោលជំហរ របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3), គោលជំហរ របស់ លោក ដូណាល់ ត្រាំ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់), រ៉ែលោហធាតុកម្រ (Rare-Earth Elements) របស់អាហ្វហ្គានីស្ថាន, នរណាជាមេដឹកនាំតាលីបង់ ដែលនឹងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ?







ไม่มีความคิดเห็น:
แสดงความคิดเห็น