How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11) - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11)

Share This

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11)


«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»


មេរៀនទី ៦ ៖ ការកាន់អំណាចតពូជជាអមតៈ (តចប់) 


ល្បិចទី ៣ ៖ ចាប់ជំរត់មនុស្ស


លោក គីម ជុងអ៊ីល បានខិតខំធ្វើការដើម្បីបង្ហាញស្នាដៃជូនឪពុក ហើយបានធ្វើឲ្យគាត់ប្រែក្លាយឋានៈពីកូនប្រុសមួយដែលឪពុកបានទុកចោលកៀនជញ្ជាំង មកជាអ្នកដែលត្រៀមស្នងតំណែងជាមេដឹកនាំប្រទេស ។  ប៉ុន្តែមុននឹងបានឋានៈនេះគាត់ពិតជាខិតខំធ្វើការមែន  ដែលរដ្ឋមន្ត្រីធម្មតា មិនអាចធ្វើបានទេ ក្រៅពីត្រកូលគីម ។  ជាឧទាហរណ៍ ដើម្បីដឹងពីបច្ចេកទេសផលិតខ្សែភាពយន្តដែលមានគុណភាពខ្ពស់ គាត់បានឲ្យគេលួចនាំចូលខ្សែភាពយន្តហូលីវូដ របស់អាមេរិកាំង ជាច្រើនពាន់រឿង និងដាក់រក្សាទុកក្នុងឃ្លាំង ដែលមានតែគាត់ទេអាចទស្សនាបាន ។ 


ដោយសារតែប្រទេសកូរ៉េខាងជើង បានបិទទ្វារទៅកាន់ពិភពលោក និងទាក់ទងតែជាមួយនឹងប្រទេសមួយចំនួនតូច គឺ ប្រទេសនេះ បានជួបប្រទះនឹងកង្វះធនធានមនុស្សយ៉ាងខ្លាំង ។  ដូច្នេះ លោក គីម  ជុងអ៊ីល បានបង្កើតល្បិចមួយ គឺ ការចាប់ជំរត់មនុស្ស ដែលមានជំនាញ ដើម្បីមកធ្វើការងារមួយចំនួន ។  ក្នុងនោះមានចាប់ជនជាតិជប៉ុន ដើម្បីយកមកបង្រៀនភាសាជប៉ុនដល់ ចារបុរស របស់គាត់ ។  ចាប់តារាភាពយន្តរបស់កូរ៉េខាងត្បូង និង ផលិតករភាពយន្ត ជាដើម ។  ជនរងគ្រោះត្រូវគេចាប់យកពីកន្លែងណា ដែលភ្នាក់ងាររបស់កូរ៉េខាងជើង អាចធ្វើបាន សូម្បីតែពីកន្លែងលំហែរនៅមាត់សមុទ្រ ។ 


នៅពេលដែលផលិតខ្សែភាពយន្ត និងខ្វះតួសម្តែងល្អ និងជាទីស្រឡាញ់របស់មហាជន  ភ្នាក់ងាររដ្ឋបានទៅចាប់ជំរត់តារាភាពយន្តស្រីឈ្មោះ ឆយ អឺននី  ពេលលោកស្រីកំពុងថតភាពយន្តនៅទីក្រុងហុងកុង ។ បន្ទាប់មកក៏ប្រើល្បិចលួងលោម អតីតប្តីរបស់គាត់ ដែលជាអ្នកដឹកនាំ និងផលិតខ្សែភាពយន្តដ៏ជំនាញ និងល្បីឈ្មោះឲ្យមកតាមរក ហើយក៏ចាប់ឃុំឃាំង ។  ក្នុងរយៈពេលជាង ៥ ឆ្នាំក្រោយមកទើបអនុញ្ញាតឲ្យពួកគេបានជួបគ្នា និងប្រកាសថា ពួកគេបានស្ម័គ្រចិត្តរស់នៅកូរ៉េខាងជើង ។  ពួកគេបានផលិតខ្សែភាពយន្តចំនួន ១៧ រឿង ដែលមានលក្ខណៈឃោសនា ដ៏ជក់ចិត្តឲ្យមេដឹកនាំផ្តាច់ការ រូបនេះនិងបានលើកតម្កើងមេដឹកនាំ គីម អ៊ីលស៊ុង ស្មើនឹងព្រះអាទិទេព ។ 


ល្បិចទី ៤ ៖ ដំឡើងខ្លួនដូចអាទិទេព


ក្នុងខណៈពេលដែលមេដឹកនាំ គីម អ៊ីលស៊ុង ត្រូវបានប្រជាពលរដ្ឋគោរពដូចព្រះអាទិទេព ប៉ុន្តែលោក គីម ជុងអ៊ីល ដែលត្រូវបន្តតំណែង បែរជាមិនទាន់សូវមានគេស្គាល់ច្រើននៅឡើយទេ ។ លោក គីម ជុងអ៊ីល ជាមនុស្សដែលមិនសូវមានប្រជាប្រិយភាពដូចជាឪពុកទេ ។  លោក មិនសូវមានលក្ខណៈទាក់ទាញ និងពូកែវោហារសាស្រ្តព្រោកប្រាជ្ញ ដូចឪពុកដែរ ។  គាត់ចូលចិត្តធ្វើការនៅពីក្រោយឆាក ។ ដូច្នេះហើយក្រុមការងាររបស់លោក បានរៀបចំដំណើររឿងដែលភ្ជាប់អនាគតមេដឹកនាំ ទៅនឹងបីតាស្ថាបនិកកូរ៉េខាងជើងដែរ។ 


ពួកគេបានបំភ្លៃការពិតជាច្រើន ដើម្បីបង្ហាញថាលោក គីម ជុងអ៊ីល មានបុគ្គលិកលក្ខណៈសមស្របជាអ្នកស្នងតំណែងអាទិទេព ។  ក្នុងនោះមានដូចជាកែប្រែប្រវត្តិសាស្រ្តថា លោក គីម ជុងអ៊ីល បានកើតនៅភ្នំពេកទូ ដែលនៅក្នុងរឿងព្រេងជា ប្រភពនៃស្ថាបនិករបស់កូរ៉េ  បើទោះបីជាការពិតគាត់កើតនៅប្រទេសរុស្ស៊ីក៏ដោយ ។  សាច់រឿងបន្តថា ក្នុងពេលដែលលោក គីម ជុងអ៊ីល  រៀបនឹងកើត គឺ មានសត្វត្រចៀកកាំ បានហោះហើរប្រាប់ដំណឹងនេះ ដល់ប្រជាពលរដ្ឋ និងទាហាន ហើយក្នុងពេលនោះអាកាសធាតុអាប់អួ ប្រែជាមានពន្លឺដ៏ត្រចះត្រចង់ ដោយមានឥន្ទធនូ រះពីរជាន់  ហើយផ្កាយតូចមួយបានរះចិញ្ចាចចិញ្ចែងទាំងថ្ងៃ ។ រដូវរងា ប្រែជារដូវផ្ការីកស្រស់បំព្រង ហើយទាហានរបស់លោក គីម អ៊ីលស៊ុង  បានសប្បាយរីករាយ និងច្រៀងចម្រៀងអបអរសាទរ ។ 


(ការណ៍នេះគឺដូចមេដឹកនាំនៅក្នុងប្រទេសខ្លះ គេដំណាលថា មេដឹកនាំកើតចំថ្ងៃពេញបូរមី ឬយល់សុបិនឃើញព្រះអាទិត្យមកចាប់ជាតិជាដើម ដើម្បីបង្ហាញពីភាពអស្ចារ្យក្នុងពេលកើត) ។ 


មិនត្រឹមតែប៉ុណ្ណោះទេ គឺគេថា លោក គីម ជុងអ៊ីល អាចបញ្ជាអាកាសធាតុបាន តាំងពីនៅកុមារ  ហើយគាត់អាចរៀនដើរតាំងពីអាយុ ៣ សប្តាហ៍ ។  ចេះនិយាយនៅអាយុ ៨ សប្តាហ៍ ។ គាត់និពន្ធសៀវភៅចំនួន ១៥០០ ក្បាល ។  ពេលលេងវាយកូលគោលជាលើកដំបូង គឺ វាយចូលរន្ធ ១១ តែក្នុងពេលវាយមួយដងប៉ុណ្ណោះ ។  រឿងហួសហេតុ មិនសមហេតុផលនេះ បន្តទៅទៀតដូចជា ថា  លោក គីម ជុងអ៊ីល មានរាងកាយ ដែលខុសពីប្រក្រតី គឺ លោក ទទួលទានអាហាររួចហើយ មិនដែលបត់ជើងទេ គឺ រាងកាយរំលាយអាហារចិញ្ចឹមសារពាង្គកាយអស់ គ្មានសល់កាកសំណល់ទេ ។  កាន់តែហួសចិត្តទៀត គឺ គេថែមទាំងឃោសនាថា លោក គីម ជុងអ៊ីល ជាអ្នកបង្កើតហាំបឺហ្គឺឲ្យអាមេរិកាំង និង ពិភពលោកទទួលទាន ជាដើម ។ 


ល្បិចទី ៥ ៖ ទុកឲ្យប្រជាពលរដ្ឋអត់ឃ្លាន


គ្រោះ ទុរ្ភិក្ស/ទុព្ភិក្ខភ័យ គឺជាវិបត្តិសម្រាប់មេដឹកនាំក្នុងសង្គមប្រជាធិបតេយ្យ ហើយអាចឈានដល់ធ្លាក់តំណែង ប៉ុន្តែសម្រាប់ជនផ្តាច់ការចាត់ទុកថា នោះគឺជាឱកាសទៅវិញទេ  ពីព្រោះពួកគេយល់ថា ពេលណាប្រជាពលរដ្ឋគ្មានអ្វីទទួលទាន គឺ ពួកគេគ្មានសល់អ្វីជួយពួកគេបះបោរ និងគ្មានកម្លាំងមកតបតវិញទេ ។  នេះជាល្បិចមួយធ្វើឲ្យប្រជាពលរដ្ឋស្រេកឃ្លាន  ទើបពួកគេខ្លាចមេដឹកនាំ ។  

តើអ្នកដែលឮទេពេលដែលសហគមន៍អន្តរជាតិចង់ដាក់ទណ្ឌកម្មប្រទេសមួយ  ពេលនោះជនផ្តាច់ការឆ្លើយវិញថា ដាក់តាមចិត្តព្រោះ មិនស្លាប់ពួកគេទេ គឺស្លាប់តែប្រជាពលរដ្ឋប៉ុណ្ណោះ ?  


ពេលស្លាប់ប្រជាពលរដ្ឋគឺពួកគេកាន់តែមានប្រៀប ។  ល្បិចនេះត្រូវគេប្រើនៅអតីតសហភាពសូវៀត ក្រោមការដឹកនាំរបស់លោក ចូសេហ្វ ស្តាលីន នៅចិន ក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង និងនៅអេត្យូពី ក្រោមការដឹកនាំរបស់លោក Mengistu Haile Mariam ។

  

វិបត្តិផ្ទួន ៗ បានកើតមានឡើងនៅប្រទេសកូរ៉េខាងជើង ដែលអាចគំរាមកំហែង ដល់អាណាចក្រត្រកូលគីម ។  គ្រោះទុរ្ភិក្សបានកើតមានឡើងនៅដើមទសវត្សរ៍ ១៩៩០ គឺ ដំណាំកសិផល បានខូចខាត ហើយសេដ្ឋកិច្ចរបស់អតីតសហភាពសូវៀត បានជួបនឹងវិបត្តិបែកបាក់ ។  ប្រទេសកូរ៉េខាងជើងមិនដែលមានធនធានគ្រប់គ្រាន់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋទេ ។  ប្រទេសនេះពឹងពាក់ប្រទេសអតីតសហភាពសូវៀត ជាច្រើនទសវត្សរ៍ ។ ដូច្នេះមានប្រជាពលរដ្ឋកូរ៉េខាងជើង ជាច្រើនសែននាក់ បានស្លាប់ដោយភាពអត់ឃ្លាន ។ ទន្ទឹមគ្នានោះដែរ បិតាស្ថាបនិក គឺ លោក គីម អ៊ីលស៊ុង ដែលប្រជាពលរដ្ឋគោរពបូជាដូចព្រះអាទិទេពបានស្លាប់ ។ 


ប៉ុន្តែលោក គីម ជុងអ៊ីល បានប្រើប្រាស់គ្រោះភ័យនេះ ជាឱកាសសម្រាប់ពង្រឹងអំណាចរបស់គាត់វិញ បើទោះបីជាក្រុមបស្ចិមប្រទេសវាយតម្លៃថា គាត់នឹងបរាជ័យក្នុងពេលដ៏ខ្លី ។ គាត់បានធ្វើយុទ្ធនាការឃោសនាថា សហរដ្ឋអាមេរិកប្រុងនឹងវាយប្រហារ ដូច្នេះប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈដូចក្នុងពេលសង្គ្រាមរវាងកូរ៉េទាំងពីរ ដែលអាមេរិក បានគាំទ្រកូរ៉េខាងត្បូង ។  គាត់បានស្នើឲ្យប្រជាពលរដ្ឋរួបរួមកម្លាំងកាយចិត្តតែមួយ  និងទទួលទានអាហារតែមួយពេល ឬពីរពេលប៉ុណ្ណោះ ។ គាត់បានរំលឹកដល់ការតស៊ូទ័ពព្រៃរបស់ឪពុកគាត់ ដែលស្ថានភាពអត់ឃ្លានដែលប្រជាពលរដ្ឋត្រូវតែទ្រាំ ។ 


ផ្ទុយទៅវិញនៅឯវិមានត្រកូលគីមវិញ គឺ លោក គីម ជុងអ៊ីល មានអាហារឆ្ងាញ់ៗ ។ មានរបស់របរទំនើបប្រើប្រាស់ ។  មានវិមាន ជាច្រើនកន្លែង ។ មាននាឡិកា និងរថយន្តទំនើប និងតម្លៃខ្ពស់ ។  មិនត្រឹមតែប៉ុណ្ណោះ គាត់បានឲ្យគេនាំចូលស្រាល្អ ៗ និងថ្លៃ ៗ ជាច្រើន ។ គ្រាន់តែស្រាកូញ៉ាក់មានតម្លៃ ៨០ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ ។ មានតែក្រុមបក្សពួកគាត់មួយក្តាប់តូចទេ ដែលមានឱកាសសប្បាយរីករាយ ខណៈប្រជាពលរដ្ឋរាប់លាននាក់ អត់ឃ្លាន និងស្លាប់ និងតាមព័ត៌មានខ្លះ គឺប្រជាពលរដ្ឋស៊ីសាច់គ្នា ។  អ្នកខ្លះលក់កូន ។ 


ល្បិចទី ៦ ៖ ផលិតអាវុធនុយក្លេអ៊ែរ


ដើម្បីកុំឲ្យក្រុមប្រទេសខាងក្រៅប្រើប្រាស់គ្រោះកាចក្នុងប្រទេសជំរុញឲ្យពលរដ្ឋងាកមកបះបោរ ត្រកូលគីមបានខិតខំជំរុញផលិតអាវុធនុយក្លេអ៊ែរ ដើម្បីជាទីសំអាងនិងការពារអាណាចក្រតាបសនេះ ។

 

គោលបំណងនេះបានចាប់ផ្តើមតាំងពីពេលលោក គីម អ៊ីលស៊ុង នៅមានជីវិត ប៉ុន្តែលោកស្លាប់ទៅដោយមិនបានជោគជ័យ គឺ បានត្រឹមតែប្រមូលវត្ថុធាតុដើមរក្សាទុកតែប៉ុណ្ណោះ ។  ផែនការនេះបានបន្តរហូតដល់លោក គីម ជុងអ៊ីល ប៉ុន្តែសម្រេចបានត្រឹមតែដំណាក់កាលទី ២ គឺបានបាញ់សាកល្បងគ្រាប់មីស៊ីល ដែលអាចផ្ទុកក្បាលនុយក្លេអ៊ែរ និងធ្វើតេស្តនុយក្លេអ៊ែរក្រោមសមុទ្រ ។  រហូតមកដល់ជំនាន់ទី ៣ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ទើបកូរ៉េខាងជើង អាចសម្រេចផែនការនេះបាន ដែលពួកគេអះអាងថា អាចគំរាមកំហែងដល់ដែនដីរបស់សហរដ្ឋអាមេរិកបាន ។ ដូចរាល់ដងដែរ គឺ កិច្ចការនេះលាក់ទុកតែក្នុងគ្រួសារប៉ុណ្ណោះ មិនឲ្យអ្នកក្រៅបានដឹងឡើយ ។ 


ខ្ញុំសូមបកត្រឡប់ក្រោយបន្តិចថាតើលោក គីម ជុងអ៊ីល បានលុយពីណា ដើម្បីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ពីព្រោះគេត្រូវការលុយច្រើនសម្រាប់ផលិត ហើយត្រូវចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម និងសាកល្បងជាច្រើនដំណាក់កាល ។ លោកគីម ជុងអ៊ីល បានងាកមកធ្វើជំនួញខុសច្បាប់ជាច្រើនដែលក្នុងនោះមានផលិតទំនិញក្លែងក្លាយ ជួញដូរថ្នាំញៀន លាងលុយកខ្វក់ និងគ្រប់មធ្យោបាយអាក្រក់នានា ។ 

 

ក្រុមគ្រួសារត្រកូលគីម បានហៅអាវុធនុយក្លេអ៊ែររបស់ខ្លួនថាជា «ដាវពិសិដ្ឋ» ។  អាវុធទិព្វនេះ បានជួយការពារត្រកូលផ្តាច់ការនេះ ឲ្យបន្តបានកាន់អំណាចនិងគំរាមកំហែងប្រទេសជិតខាង។ 


ជាសរុបមក ឆ្លងតាមរយៈបទពិសោធរបស់គ្រួសារត្រកូលគីម ក៏ដូចជាពួកផ្តាច់ការដទៃទៀត គឺការស្លាប់នៃជនផ្តាច់ការមួយ  មិនមែនជាទីបញ្ចប់របស់ពួកគេទេ ។  ពួកគេបានបណ្តុះទាយាទដែលនឹងបន្តគ្រប់គ្រងដោយមិនទុកឱកាសឲ្យប្រជាពលរដ្ឋងើបឈរប្រឆាំងបានទេ ។  បស្ចិមប្រទេស បានគិតខុសម្តងជាពីរដងថា  ក្រោមការដឹកនាំរបស់ គីម ជុងអ៊ីល កូរ៉េខាងជើង នឹងត្រូវដួលរលំ ។  បន្ទាប់មកពួកគេគិតថា ក្រោមការដឹកនាំរបស់ គីម ជុងអ៊ុន ប្រទេសតាបសនេះ នឹងត្រូវដួលរលំទៀតដោយសារតែគាត់នៅក្មេង និង គ្មានបទពិសោធ ។ 


ការសង្ខេបរបស់ខ្ញុំពីមេរៀនទាំង ៦ ស្តីពី«របៀបកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»  សូមចប់តែប៉ុណ្ណេះ ។ បន្ទាប់ពីបានចំណេះដឹងនេះហើយ សូមបងប្អូនយកប្រើប្រាស់ ជាម៉ែត្រវាស់វែងមេដឹកនាំ នៅលើពិភពលោក មើលថានរណាមួយកំពុងតែដឹកនាំតាមរបៀបផ្តាច់ការ និង មានល្បិចអ្វីខ្លះ ដែលពួកគេបានយកមកប្រើ និងបានច្នៃប្រឌិតថ្មី ។  


សូមអរគុណចំពោះអ្នកតាមដានតាំងពីមេរៀនទី១មក ។ សូមជម្រាបលា ៕


Credit: Men Kimseng

Review:  'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ',   How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(1)How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(2),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(3),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(5)How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6)How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(7),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(8),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11)





ไม่มีความคิดเห็น:

แสดงความคิดเห็น