How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (8)
«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»
មេរៀនទី ៤ ៖ បំបិទការពិត (តចប់)
ល្បិចទី ៤ ៖ បំផ្លាញសាសនា
សាសនាគឺជាទីពឹងពាក់នៃមនុស្ស ដែលមានជំនឿ និងជួបជុំគ្នា ដើម្បីបើកបេះដូងស្វែងរកចម្លើយដែលពួកគេមិនអាចរកបានដោយខ្លួនឯង ។ ប៉ុន្តែសម្រាប់ជនកុម្មុយនិស្តនិយមចាត់ទុកថា នេះគឺជាការបង្វែរចំណាប់អារម្មណ៍ចេញពីខ្លួនគេ ។ ជនផ្តាច់ការតាំងខ្លួនជាអាទិទេព ដែលអាចដោះស្រាយបញ្ហារបស់មនុស្សលោកបាន ។ ដូច្នេះ គេត្រូវតែបំផ្លាញសាសនាចោល ។ អ្នកខ្លះរហូតដល់អះអាងថា គ្មាននរណាខ្លាំងជាងខ្លួនទេ សូម្បីតែឋាននរក ក៏មិនហ៊ានដែរ ។
លោក ចូសេហ្វ ស្តាលីន មិនឲ្យប្រជាពលរដ្ឋរៀនសូត្រ និងគោរពបដិបត្តិសាសនាអ្វីទេ ក្រៅតែពីទ្រឹស្តីកុម្មុយនិស្ត ។ ក្នុងហេតុផលមួយទៀត គឺព្រះវិហារគ្រឹស្តសាសនា គឺជាទីដែលមានមាស ពេជ្រ និងត្បូងកែវកងជាច្រើន ដែលស្តាលីន ចង់រំលាយដើម្បីយកមកកសាងសហភាពសូវៀត ។
ដើម្បីជំនួសទ្រឹស្តីសាសនា ស្តាលីន បានបង្កើតនូវអ្វីដែលហៅថាទ្រឹស្តីម៉ាក្ស-ឡេនីន សម្រាប់ឲ្យពលរដ្ឋរៀនសូត្រ។ ថ្ងៃឈប់សម្រាកតាមសាសនា ត្រូវជំនួសវិញដោយទិវានានា ដូចជាទិវាពលកម្មអន្តរជាតិ និងថ្ងៃជ័យជម្នះរបស់បដិវត្តន៍ជាដើម ។
ក្នុងខណៈមេដឹកនាំផ្តាច់ការខ្លះឲ្យគេនិពន្ធសៀវភៅ តែងចម្រៀង និងសរសេររឿងល្ខោនពីដំណើរតស៊ូរបស់ខ្លួនឯង មុននឹងបានឡើងមកដឹកនាំ សម្រាប់របបកុម្មុយនិស្តរបស់ ស្តាលីន គឺបានបង្កើតតួអង្គក្លែងក្លាយឲ្យប្រជាពលរដ្ឋគោរព និងធ្វើតាម ។ តួយ៉ាងគេបង្កើតវីរបុរសកុមារម្នាក់ឈ្មោះ ប៉ាវលីក ម៉ូរ៉ូហ្សូវ (Pavlik Morozov) ដែលស្មោះត្រង់នឹងអង្គការបដិវត្តន៍ ដោយហ៊ានរាយការណ៍ ពីឪពុកម្តាយរបស់ខ្លួន ដែលមិនស្មោះត្រង់នឹងរដ្ឋ ដោយលាក់ទុកស្រូវ ដើម្បីលួចលក់ដំឡើងថ្លៃ ។ ក្រុមគ្រួសារខឹងបានលួចសម្លាប់កុមារបដិវត្តន៍នោះចោល ។
ស្តាលីន បានឲ្យគេនិពន្ធជាសៀវភៅ ជាចម្រៀង ជារឿងល្ខោនដែលសម្តែងតាមរោងល្ខោននិងវិទ្យុ ឲ្យប្រជាពលរដ្ឋបានដឹងពីវីរភាពនេះ និងគោរពធ្វើតាម ។ ដូច្នេះនៅក្នុងរបបរបស់ ស្តាលីន គឺ ប៉ាវលីក ម៉ូរ៉ូហ្សូវ ត្រូវបានគេគោរព និងលើកតម្កើង ខណៈព្រះយេស៊ូ គ្រឹស្ត ត្រូវបានគេបំភ្លេចចោល ។
(សូមបើកវង់ក្រចកបន្តិច។ នៅក្នុងបរិបទប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺក្រុមខ្មែរក្រហមបានប្រឌិតរឿងមួយគឺ «បេះដូងក្រហមរបស់យុវជន ដាំ ផេង» និងបានតែងជាល្ខោន ជាសៀវភៅ និងរឿងវិទ្យុសម្រាប់ពលរដ្ឋបានយល់ដឹងពីយុវជនបដិវត្តន៍ដាំ ផេង) ។ តើបងប្អូនណាធ្លាប់អានរឿងនេះទេ?
ល្បិចទី ៥ ៖ ប្រើប្រាស់អ្នកវិទ្យាសាស្ត្រពុករលួយ
មិនត្រឹមតែសាសនាទេដែលត្រូវបំផ្លាញក្រោមការដឹកនាំ របស់ ស្តាលីន សូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏ត្រូវសម្របតាមអ្វីដែលជនផ្តាច់ការរូបនេះចង់បានដែរ ។ គាត់យកមនុស្សដែលមានទ្រឹស្តីស្រដៀងគ្នាមកកាន់កិច្ចការសំខាន់ ៗ បើទោះបីជាមិនទទួលបានផលក៏ដោយ និងកម្ចាត់ចោលអ្នកចេះដឹងដែលហ៊ាននិយាយប្រឆាំង បើទោះបីជាសម្តីនោះពិតក៏ដោយ ។
ជាឧទាហរណ៍ ស្តាលីន បានជ្រើសរើសយកអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ ត្រូហ្វិម លីស្សឹនកូ (Trofim Lysenko) ដែលអះអាងពីទ្រឹស្តីកសិកម្មរបស់គាត់ថា អាចជួយបំបាត់ទុរ្ភិក្សនៅទូទាំងសហភាពសូវៀតបាន ដោយផ្អែកលើទ្រឹស្តីរបស់ម៉ាក្ស-ឡេនីន ។ ស្តាលីន ចូលចិត្តទ្រឹស្តីនោះ ហើយផាត់ចោលអ្នកវិទ្យាសាស្ត្រផ្សេង ៗ ដែលប្រឆាំង ។ គាត់ចាត់ទុកលោក លីស្សឹនកូ ថាជាមនុស្សមានទេពកោសល្យខាងកសិកម្ម ហើយបានបិទចោលមន្ទីរពិសោធន៍ដទៃទៀត ។ លោកលីស្សឹនកូ ប្រើប្រាស់វិធីសាស្ត្រចម្លែក ៗដើម្បីធ្វើពិសោធន៍ពូជស្រូវ ដែលក្នុងនោះមានការដាក់ហាលស្រូវពូជ នៅក្រោមអាកាសធាតុត្រជាក់ដើម្បីឲ្យពូជជំនាន់ថ្មីរបស់ស្រូវនេះ អាចធន់នឹងភាពត្រជាក់ហើយដុះនៅរដូវរងាជាដើម ។ ជាលទ្ធផល ទ្រឹស្តីរបស់លោក លីស្សឹនកូ បរាជ័យទាំងស្រុង ។ មនុស្សស្លាប់កាន់តែច្រើន ។
មេដឹកនាំផ្តាច់ការ ដែលជ្រុលនិយមដូច្នេះ គឺមានដូចជា លោក អាដុល ហ៊ីត្លែ នៃប្រទេសអាល្លឺម៉ង់បានត្រួតត្រា និងសម្រេចថា តើវិទ្យាសាស្ត្របែបណា ដែលអាចផ្តោតការស្រាវជ្រាវបាន ។ នៅប្រទេស ហ្គំប៊ី លោកប្រធានាធិបតី យ៉ាយ៉ា ចាមេ (Yahya Jammeh)បានទាត់ចោលវិទ្យាសាស្ត្ររបស់បស្ចិមប្រទេស ដោយអួតអាងពីការព្យាបាលជំងឺអេដស៍ ជាសះស្បើយតែក្នុងរយៈពេល ៣ ថ្ងៃ ដោយប្រើថ្នាំបុរាណរបស់លោក ។ល។ និង ។ល។
ល្បិចទី ៦ ៖ បំផ្លាញទំនុកចិត្ត
ឧបករណ៍ដ៏មានឥទ្ធិពលមួយទៀតគឺធ្វើឲ្យប្រជាពលរដ្ឋ លែងជឿទុកចិត្តគ្នា និងជឿលើរដ្ឋតែមួយគត់ ។ ដរាបណាប្រជាពលរដ្ឋអាចទំនាក់ទំនងគ្នា ជឿជាក់គ្នា គឺពេលនោះជាគ្រោះថ្នាក់ដល់របបផ្តាច់ការ ។ ជនផ្តាច់ការចង់ឲ្យប្រជាពលរដ្ឋឱនលំទោន និងស្មោះត្រង់តែនឹងខ្លួនគេតែប៉ុណ្ណោះ ។
លោក ស្តាលីន បានរៀបចំការកាត់ទោសមន្ត្រីធំៗក្នុងបក្សដែលគាត់មិនទុកចិត្តឬយល់ថា ជាគ្រោះថ្នាក់ចំពោះគាត់ ដោយចោទថាជាក្រុមដែលមានគំនិតប្រឆាំងនឹងសហភាពសូវៀត ។ ការកាត់ទោសត្រូវបានគេធ្វើជាសាធារណៈ ដើម្បីបញ្ជូនសារទៅមនុស្សដទៃ ។
របបគាត់បានបំផុសព័ត៌មានពីការគប់គិត ចង់ក្បត់ផ្តួលរំលំរដ្ឋាភិបាល ហើយស្នើឲ្យប្រជាពលរដ្ឋតាមឃ្លាំរកមើលជនក្បត់ជាតិ ។ សម្រាប់ប្រជាពលរដ្ឋយល់ថា បើសូម្បីតែវីរបុរសបដិវត្តន៍ ក៏អាចក្លាយជាជនក្បត់ជាតិ ហើយតើពួកគេគួរទុកចិត្តនរណាបាន ? ដូច្នេះប្រជាពលរដ្ឋ ចាប់ផ្តើមមើលបំណាំគ្នានិងលួចរាយការណ៍ឲ្យរដ្ឋអំណាច។ កូនលួចយកការណ៍ពីឪពុកម្តាយហើយរាយការណ៍ឲ្យរដ្ឋអំណាច ។
ក្នុងយុគសម័យនៃការភ័យរន្ធត់ ពីឆ្នាំ ១៩៣៦ ដល់ ១៩៣៨ គឺមានប្រជាពលរដ្ឋជាង ៧៥០ ០០០ នាក់ត្រូវបានសម្លាប់ ។ ស្តាលីន ថែមទាំងបានចេញបទបញ្ជាថា បើសម្លាប់មនុស្សចោល ១០០ នាក់ ហើយក្នុងនោះមានមនុស្សអាក្រក់ ៥ នាក់ គឺ មិនខាតទេ ។ ដូច្នេះ គ្មានទេអ្វីដែលជាការពិត ពីព្រោះការពិតគឺជាអ្វីដែលរដ្ឋជាអ្នកកំណត់ ។ បើរដ្ឋកំណត់ថាក្បត់ជាតិ គឺត្រូវតែកាត់ទោសថាក្បត់ជាតិ ដោយមិនបាច់តវ៉ា ។
ដោយអនុវត្តវិធានការនេះ ស្តាលីន អាចកាន់អំណាចបាន ៣ ទសវត្សរ៍ រហូតដល់គាត់ស្លាប់ បាត់បង់ជីវិតក្នុងឆ្នាំ ១៩៥៣ ។ បើទោះជាយ៉ាងនេះ ក៏ដោយ ប្រជាពលរដ្ឋសូវៀតចងចាំ និង គោរព ស្តាលីន ថា ជាមេដឹកនាំ ដ៏អស្ចារ្យ ដោយសារគាត់បានចេញគោលនយោបាយ ដែលបានប្រែក្លាយប្រទេសពីពឹងពាក់ចម្បងលើវិស័យកសិកម្ម ទៅជាឧស្សាហកម្ម ។
នៅសប្តាហ៍ក្រោយ ខ្ញុំនឹងសង្ខេបជូនមេរៀនទី៥ ដែលផ្តោតលើ ការបង្កើតសង្គមថ្មីមួយ ដោយមើលលើការដឹកនាំរបស់ជនផ្តាច់ការ ម៉ូអាម៉ា ហ្គាដាហ្វី នៃប្រទេសលីប៊ី។ សូមអរគុណ ៕
Credit: Men Kimseng
Review: 'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ', How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (1), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (2), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (3), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (4), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (5), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (6), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (7), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (8), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (9), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (10), How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (11)
ไม่มีความคิดเห็น:
แสดงความคิดเห็น