How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9) - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9)

Share This

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9)


«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»

មេរៀនទី ៥ ៖ ការបង្កើតសង្គមថ្មី (តចប់) 

ល្បិចទី ៤ ៖ យកស្ត្រីជាឡប់ឡែ


ពួកផ្តាច់ការជាច្រើនគឺជាបុរស ដែលមើលមកស្ត្រីថា ជាមនុស្សដែលចាំបាច់ ក៏ប៉ុន្តែក៏យល់ថាស្ត្រីគ្រោះថ្នាក់ខ្លាំងណាស់ ។ តាមឋានានុក្រមរបស់ពួកគេ គឺស្ត្រីមិនអាចខ្ពង់ខ្ពស់ជាងបុរសបានទេ ។  ប៉ុន្តែ ម៉ូអាម៉ា ហ្គាដាហ្វី ចង់ធ្វើខ្លួនឲ្យក្លាយជាជនផ្តាច់ការសម័យទំនើប​ ។ ជាគោលការណ៍គាត់ថ្លែងថាស្ត្រី និងបុរស មានសិទ្ធិស្មើគ្នា ។  ដូច្នេះហើយក្នុងពេលដែលកាន់អំណាច គាត់ខិតខំដំឡើងស្ត្រីដែលស្មោះស្ម័គ្រនឹងគាត់ ក្នុងការងារខ្ពស់ជាច្រើន ។ 


បងប្អូននៅចាំបានទេករណីកាត់ទោសព្យួរ​ក វិស្វករម្នាក់ដែលបានរៀននៅសហរដ្ឋអាមេរិក ហើយតវ៉ាប្រឆាំងម៉ូអាម៉ា ហ្គាដាហ្វី? ​ ពេលទម្លាក់ព្យួរកភ្លាមបុរសនោះ មិនទាន់ស្លាប់ទេ ប៉ុន្តែមានស្ត្រីម្នាក់ បានដើរចេញពីហ្វូងមនុស្ស  មកទាញគាត់ទម្លាក់រឹតកទាល់តែដាច់ខ្យល់ស្លាប់ ទើបព្រមព្រលែង ។  ម៉ូអាម៉ា ហ្គាដាហ្វី ស្ញប់ស្ញែងស្ត្រីនោះ និងក្រោយមកបានតែងតាំងឲ្យគាត់ឡើង ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាបន្តបន្ទាប់ធ្វើជាចៅហ្វាយក្រុងទ្រីប៉ូលី ដែលជារដ្ឋធានីរបស់លីប៊ី ។  ដោយចេញពីត្រកូលក្រីក្រតូចតាច ស្ត្រីនោះបានឈរក្នុងលំដាប់អ្នកមានកំពូលក្នុងរបបគ្រប់គ្រងដោយ ម៉ូអាម៉ា ហ្គាដាហ្វីផងដែរ ។ 


ម៉ូអាម៉ា ហ្គាដាហ្វី ក៏មានក្រុមអង្គរក្សស្ត្រីជាច្រើន ដែលមានឈ្មោះប្លែក ៗ ដូចជា «ក្រុមដូនជីបដិវត្តន៍» និង «កងឆ្មាំអាម៉ាហ្សូន» ។  អង្គរក្សស្ត្រីទាំងនោះ នៅអមគាត់ពេលធ្វើដំណើរទៅបរទេស  ដើម្បីបង្អួតនៅមុខអ្នកកាសែត និងកាម៉េរ៉ាទូរទស្សន៍ ។  ហ្គាដាហ្វី  ពូកែប្រើប្រាស់បណ្តាញសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីគាត់ណាស់ ។  គាត់ចូលចិត្តបូរបាច់ដាក់ក្បាលមេក្រូ ។ 


ប៉ុន្តែនៅពីខាងក្រោយឆាកវិញ គេមិនដឹងថា ស្ត្រីទាំងនោះប្រៀបដូចជាជំរុំស្រីស្នំរបស់គាត់ទេ ។  ជាឧទាហរណ៍ សមាជិកកងឆ្មាំអាម៉ាហ្សូន  ត្រូវបានជ្រើសរើសក្នុងពេលដែលគាត់ធ្វើដំណើរ ទៅតាមតំបន់នានាក្នុងប្រទេស ។  ហ្គាដាហ្វី  ចូលចិត្តស្ត្រីក្មេង ៗ ស្អាត ៗ  ដែលអាយុមិនលើស ១៤ ឆ្នាំទេ ។  ក្រុមអង្គរក្សរបស់គាត់ជាអ្នកដើរជ្រើសរើសស្ត្រីក្មេង និងថ្មី ៗ ទាំងនោះ ។  អ្នកដែលចូលថ្មីត្រូវទៅចូលរួមក្នុងពិធីជប់លៀងជាមួយនឹងមេដឹកនាំរូបនេះ  ហើយបើគាត់អង្អែលក្បាលក្មេងស្រីមួយណា  គឺគេត្រូវយកទៅឲ្យគាត់ដេកជាមួយ ។  ហ្គាដាហ្វី  ហៅស្ត្រីទាំងនោះថា «នារីព្រហ្មចារីបដិវត្តន៍» ដែលមានភារកិច្ចបម្រើអ្នកដឹកនាំ ។  មានស្ត្រីជាច្រើនពាន់នាក់ដែលគាត់រំលោភក្នុងពេលកាន់អំណាច ។  ស្ត្រីទាំងនោះខ្លះត្រូវគេអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ  ប៉ុន្តែត្រូវបានសង្គមមើលងាយមើលថោក ដោយសារប្រពៃណីរបស់អ្នកកាន់សាសនាឥស្លាមមិនឲ្យតម្លៃស្ត្រីបែបនេះឡើយ ។ 


នេះគឺជាផ្នែកមួយនៃចក្ខុវិស័យដែលលោកពុកហ្កាដាហ្វីមានសម្រាប់ប្រទេសលីប៊ី ។ ពលរដ្ឋមានកិត្តិយសណាស់ដែលបានបម្រើប្រទេសជាតិហើយប្រទេសជាតិគឺជារូបគាត់ ។  នេះឯងជាផ្នត់គំនិតរបស់ជនផ្តាច់ការ ព្រោះគេយល់ថាប្រទេសជាតិជារបស់ខ្លួន ទ្រព្យសម្បត្តិជាតិជារបស់ខ្លួន ប្រជាពលរដ្ឋជារបស់ខ្លួនដែលអាចធ្វើអ្វីក៏បាន ។ 


ល្បិចទី​ ៥ ៖  នាំចេញបដិវត្តន៍


បន្ទាប់ពីបង្ក្រាបអ្នកប្រឆាំងក្នុងប្រទេសបានហើយ ហ្គាដាហ្វី ខិតខំសម្ញែងខ្លួនគាត់ក្នុងតំបន់ដើម្បីពង្រីកឥទ្ធិពលក្នុងប្លុកអារ៉ាប់ ។  គាត់ខិតខំដើរតួនាទីជាច្រើន ប៉ុន្តែនៅតែត្រូវបណ្តាមេដឹកនាំប្លុកអារ៉ាប់មិនឲ្យតម្លៃនិងគោរពគាត់ទេ ។  ដូច្នេះហើយគាត់បានគាំទ្រក្រុមចលនាបំបែកខ្លួននៅប្រទេសជាច្រើន ។  ប៉ុន្តែវាកាន់តែទាញគាត់ឲ្យផុងខ្លួនដោយសារពួកគេធ្វើសកម្មភាពភេរវកម្ម រួមមានការដាក់គ្រាប់បែកក្នុងក្លឹបរាត្រីមួយក្នុងប្រទេសអាល្លឺម៉ង់ខាងលិច ។   ក្នុងបណ្តាជនរងគ្រោះគឺមានទាហានអាមេរិកាំងផងដែរ ។  សហរដ្ឋអាមេរិកបានចាត់ទុកហ្កាដាហ្វីថាជាភេរវករនិងដាក់ទណ្ឌកម្មមន្ត្រីនៅក្បែរគាត់ ។  ចំណាត់ថ្នាក់នេះធ្វើឲ្យ ហ្គាដាហ្វីកាន់តែឆេះដុំនិងថ្លែងថា «យើងបដិសេធមិនឱនក្បាលនៅចំពោះមុខអាមេរិកាំងទេ»​ ។ 


ដោយឃើញថាបំភិតបំភ័យប្រជាពលរដ្ឋខ្លួនឯង ងាយស្រួល ហ្គាដាហ្វី គិតថា អាចបំភិតបំភ័យប្លុកបស្ចិមប្រទេសបានងាយស្រួលដែរ ។ ប៉ុន្តែគាត់គិតខុសស្រឡះ នៅខែមេសា ឆ្នាំ១៩៨៦ អាមេរិក បានវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកនៅលីប៊ី ជាការព្រមានដោយតម្រង់គោលដៅលើទីបញ្ជាការដ្ឋានប្រតិបត្តិការបរទេស និងជំរុំហ្វឹកហ្វឺនជាដើម ។  ការវាយប្រហារតាមអាកាសនោះធ្វើឲ្យ ហ្គាដាហ្វី តក់ស្លុតយ៉ាងខ្លាំង ដោយគាត់គិតខុសថា អាមេរិកាំង មិនហ៊ានធ្វើដូចនេះទេ ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក រ៉ូណាល់ រីហ្កឹន ថ្លែងថា គ្មានអ្នកណាអាចសម្លាប់ប្រជាពលរដ្ឋអាមេរិកាំងហើយមកអួតអាងបានទេ​ ។


ល្បិចទី​ ៦ ៖ ធ្វើល្អស្តារកិត្តិយស


បន្ទាប់ពីក្រុមភេរវករវាយប្រហារលើសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិក​ និងសម្ព័ន្ធមិត្តបើកប្រតិបត្តិការតាមកម្ទេចក្រុមភេរវករ និងប្រទេសដែលផ្តល់ជំរក ឬមូលនិធិដល់ក្រុមភេរវករ ។  សង្គ្រាមបានឆេះរោលរាលនៅអាហ្វហ្គានីស្ថាន ដើម្បីទម្លាក់ក្រុមតាលីបាន ។  រីឯ សាដាម ហ៊ូសេន នៃប្រទេសអ៊ីរ៉ាក់ ត្រូវទម្លាក់ពីអំណាច​ ។  ពេលនោះ ទើបហ្គាដាហ្វី ចាប់ផ្តើមភ័យខ្លាំងមែនទែន ហើយងាកមកធ្វើល្អ និងប្រជាពលរដ្ឋវិញ ក៏ដូចជាងាកមកចាប់ដៃមេដឹកនាំបស្ចិមប្រទេស ។ 


ម៉ូអាម៉ា ហ្គាដាហ្វី ផ្លាស់ប្តូរគោលនយោបាយ ១៨០ ដឺក្រេ ។  គាត់គិតថា អាចទាក់ទាញបានមិត្តភក្តិនៅបស្ចិមប្រទេស ។  គាត់ចាប់ផ្តើមផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋ មានសិទ្ធិនិយាយស្តីបញ្ចេញមតិ បើកឲ្យមានសេរីភាពសារព័ត៌មាន និង ឈប់ធ្វើទារុណកម្មប្រជាពលរដ្ឋ ។  គាត់គិតថា ពួកដែលលើកជើងគាត់ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ គឺជាមិត្តភក្តិគាត់ទាំងអស់ហើយ ។  ប្រជាពលរដ្ឋស្រឡាញ់គាត់ខ្លាំងហើយ ដោយសារមរតកនានា ដែលបីតាលីប៊ីរូបនេះ បានបង្កើតឡើង ប៉ុន្តែការពិតកំហឹងដែលប្រជាពលរដ្ឋលាក់ទុកយូរហើយ បានក្លាយជាចលនាបដិវត្តន៍នៅខែកុម្ភៈ  ឆ្នាំ ២០១១ តមកដើម្បីផ្តួលរំលំគាត់ ។

 

ម៉ូអាម៉ា ហ្គាដាហ្វី បានសុំពួកបស្ចិមប្រទេសឲ្យជួយក្នុងនោះរួមមាន សុំទៅលោក បារ៉ាក់ អូបាម៉ា  ប្រធានាធិបតីអាមេរិកដោយផ្ទាល់ ប៉ុន្តែពួកគេមិនបានធ្វើអ្វី ដើម្បីជួយសង្គ្រោះគាត់ទេ ។  សូម្បីតែអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើគាត់ និង មន្ត្រី នៅជុំវិញខ្លួន ដោយបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរ ព្រោះតែការបង្ក្រាបលើប្រជាពលរដ្ឋ ដែលងើបឡើងបះបោរ ។ 

នៅពេលដែលពួកបះបោរ ចាប់គាត់បាន ពាក្យចុងក្រោយដែលគាត់ស្រែកគឺ «អញគ្មានធ្វើអ្វីខុសទេ ហេតុអ្វីបានជាពួកឯងធ្វើដាក់អញដូចនេះ?» ។ ជាសំណួរគួរឲ្យអាណិតណាស់មែនទេ?  ពាក្យខ្មែរយើងថា«មិនទាន់ឃើញក្តាមឈូស គឺមិនទាន់ស្រក់ទឹកភ្នែកទេ» ។ ប៉ុន្តែអ្វីៗបានហួសពេលហើយ​ ។ 


ដូច្នេះហើយ ទើបយើងកម្រឃើញជនផ្តាច់ការ ងាកមកធ្វើល្អវិញណាស់ ។  កុំដេករំពឹង ។  ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេកាន់តែសាហាវ ដោយសារតែការងាកមកធ្វើល្អ គឺបង្ហាញពីចំណុចខ្សោយ និងឈានទៅរណ្តៅមរណៈ ។  ក្នុងមេរៀនកន្លងមកបងប្អូនដឹងហើយថា ល្បិចអាក្រក់ច្រើនណាស់ ដែលជនផ្តាច់ការប្រើប្រាស់ ដើម្បីរក្សាអំណាច ។  គ្មានអ្នកណាចង់ជួបជោគវាសនាដូច ម៉ូអាម៉ា ហ្គាដាហ្វី ទេ គឺ មានតែចង់សាងសង់អំណាចបន្តត្រកូលដោយផ្ទេរទៅឲ្យកូនប៉ុណ្ណោះ ។  ដូច្នេះ នេះជាចំណុចដែលត្រូវតាមដាននៅមេរៀនទៅ ៦ គឺ «ការដឹកនាំជារៀងរហូត» ។  


តើលោកអ្នកចូលចិត្តអានសេចក្តីសង្ខេបរបស់ខ្ញុំទេ? នៅសប្តាហ៍ក្រោយខ្ញុំនឹងសង្ខេបមេរៀនទី ៦ គឺមេរៀនចុងក្រោយ ដែលនឹងនាំលោកអ្នកមកប្រទេសកូរ៉េខាងជើង។ សូមអរគុណ ៕


Credit: Men Kimseng


Review:  'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ',   How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(1),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(2),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(3),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(5),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(6),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(7),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(8),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(9),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(10),  How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(11)








ไม่มีความคิดเห็น:

แสดงความคิดเห็น