អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ (Global Witness) ស្នើ​សុំ​ឲ្យ​​អាមេរិក ដាក់​ឧកញ៉ាល្បីៗខាង​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ខ្មែរ អំពើ​រត់​ពន្ធ បួនរូប ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​ - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ (Global Witness) ស្នើ​សុំ​ឲ្យ​​អាមេរិក ដាក់​ឧកញ៉ាល្បីៗខាង​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ខ្មែរ អំពើ​រត់​ពន្ធ បួនរូប ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​

អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ (Global Witness) ស្នើ​សុំ​ឲ្យ​​អាមេរិក ដាក់​ឧកញ៉ាល្បីៗខាង​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ខ្មែរ អំពើ​រត់​ពន្ធ បួនរូប ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​

Share This
អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ហ្គ្លោប៊ល វីតណេស (Global Witness) ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដាក់​ឧកញ៉ាល្បីៗ ​ខាង​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ខ្មែរ អំពើ​រត់​ពន្ធ ចំនួន​បួនរូប ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​ដើម្បី​ដាក់​ទណ្ឌកម្ម។ ប៉ុន្តែ មន្រ្តី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ការពារ​ឧកញ៉ា​ទាំង​នេះ នឹង​ចោទ​អង្គការ​នេះ​ថា ​មាន​ចេតនា​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា ក្នុង​ការ​​ចេញ​ផ្សាយ​ព័ត៌មាន​អាក្រក់​អំពី​កម្ពុជា នៅ​កៀក​ថ្ងៃ​បោះ​ឆ្នោត។

អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ហ្គ្លោប៊ល វីតណេស (Global Witness) រក​ឃើញ​ថា ឧកញ៉ា​ដែល​មាន​ទ្រព្យ​មហា​សាល និង ជិត​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន ទាំង បួនរូប​នេះ សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​​នឹង​ការកាប់​បំផ្លាញ​​ព្រៃ​ឈើ បូម​ខ្សាច់​ រត់​ពន្ធ​កញ្ឆា​ទ្រង់ទ្រាយ​ធំ និង បណ្តេញ​ពលរដ្ឋ​ចេញ​ពីលំ​នៅ​ដ្ឋាន​ដោយ​បង្ខំ ​ដើម្បី​ដណ្តើមយក​ដីធ្លី​ពី​ពួក​គាត់​​ជា​ដើម​។ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ហ្គ្លោប៊ល វីតណេស នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២០ ខែ​​កក្កដា​ ចាត់​​ទុក​ឧកញ៉ា​ទាំង​​នេះ​ថា សុទ្ធ​តែ​ជា​​អ្នក​​ដែល​​បាន​​ទទួល​​ផល​​ចំណេញ ពីការរលំរលាយ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ឧកញ៉ា​ទាំង​បួន រួម​មាន​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោក​ឧកញ៉ា លី យ៉ុងផាត់ លោក​ឧកញ៉ា ទ្រី ភាព លោក​ឧកញ៉ា ឡៅ ម៉េងឃីន។ បី​នាក់​ក្នុង​ចំណោម​នោះ ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច។



អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ បាន​ភ្ជាប់​ម្ចាស់​ក្រុម​ហ៊ុន ម៉ុង ឫទ្ធី​គ្រូ​ប និង ជាម្ចាស់​ផែ​ស្ងួត គឺ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ទៅ​នឹង​ការ​ជាប់​ពាក់​ព័ន្ធ​ នឹង​ការកាប់​បំផ្លាញ​​ព្រៃ​ឈើ​យ៉ាង​រង្គាល និង​ការបូម​ខ្សាច់​​ដ៏​កក្រើក ដែល​មាន​ទំហំ​​ទឹក​​ប្រាក់​រាប់លាន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ អង្គការ​នេះ បាន​បើក​កកាយ​រឿង​​ចាស់ ទាក់​ទង​នឹង​ការ​រត់​ពន្ធ​កញ្ឆា ចំនួន ៧​តោន តាម​ផែកំពង់សោម ឆ្នាំ​១៩៩៧។ ករណី​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​មុខ​កាង​ការពារ​យ៉ាង​ប្តូរ​ផ្តាច់ រហូត​ប្រកាស​ថា នរណា​ហ៊ាន​ចាប់​លោក ម៉ុង ឫទ្ធី រឿង​រត់​ពន្ធ​កញ្ឆា​ខុស​ច្បាប់ ដ៏​សន្ធឹក​នេះ គឺ​ទាល់តែ​ក្បាល​ប៉ានដែក។

ចំណែក​ឯ​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺជា​ម្ចាស់​បន​ល្បែង និង​ជាម្ចាស់​ទូរទស្សន៍ PNN និង ក្រុម​ហ៊ុន​មួយ​ចំនួន ដែល​ទទួល​បាន​ដី​សម្បទា​ន​សេដ្ឋកិច្ច​ពីរ​បប​លោក ហ៊ុន សែន ដែល​កំពុង​កាន់​កាប់​រយៈ​ពេល​ ៩៩ឆ្នាំ​នោះ មាន​ទំហំ​សរុប​ជិត​ប្រាំ​មួយ​ម៉ឺន​ហិកតារ (៥៦,៨៣៦) ឬ​ស្មើ​នឹង ៥៦៨​គីឡូ​ម៉ែត្រ​ការ៉េ។ ដោយ​សារតែ​ក្រុម​ហ៊ុន​ដី​សម្បទា​ន ស្ករអំពៅ​របស់​លោក លី យ៉ុងផាត់ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​រាប់​ពាន់​គ្រួសារ ត្រូវ​អស់​ដី និង​ផ្ទះ​​សម្បែង ដោយ​សារការបណ្តេញ​ចេញ​ដោយ​បង្ខំ ​ដើម្បី​យកដី​ឲ្យ​លោក​កាន់​កាប់​នេះ។

ចំពោះ​លោក​ឧកញ៉ា ទ្រី ភាព វិញ គឺជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន។ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ រក​ឃើញ​ថា​លោក ទ្រី ភាព ជាប់​ពាក់​ព័ន្ធ​​នឹង ប្រតិបត្តិ​ការកាប់ឈើ និង រត់​ពន្ធឈើ​ខុស​ច្បាប់​រាប់សិបលាន​ដុល្លារ ដោយ​មាន​ការឃុបឃិត​គ្នា ជា​មួយ​មន្រ្តី​រដ្ឋបាល មន្រ្តី​យោធា មន្រ្តី​នគរបាល និង​មន្រ្តី​គយ​នៃ​របប​លោក ហ៊ុន សែន។ មិន​តែ​ប៉ុណ្ណោះ អង្គការ​នេះ​រក​ឃើញ​ថា ក្រុម​ហ៊ុន​លោក ទ្រី ភាព ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ ក្នុង​ការ​ទិញ និង​លក់​​ឈើ ដែល​អាជ្ញាធរ​រឹប​អូស​បាន​ថែម​​ទៀត​ផង។

ឯ​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ឯណោះ​វិញ គឺជា​ម្ចាស់​ក្រុម​ហ៊ុន ស៊ូកាគុ ដែល ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ រហូត​ដល់​បណ្តេញ​ប្រជា​ពលរដ្ឋ​បុ​រីកីឡាជា​ច្រើន​គ្រួសារ ចេញ​ពីលំ​នៅ​ដ្ឋាន និង​រងការ​តវ៉ា​ពី​ពលរដ្ឋ​រង​គ្រោះ​រាប់ឆ្នាំ។ ពលរដ្ឋ​ដែល​តវ៉ា​រឿង​រំលោភ​​ដីធ្លី​នេះ រងការ​វាយ​ដំ ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ។ លោក ឡៅ ម៉េងឃីន ក៏​ជាម្ចាស់​ក្រុម​ហ៊ុន ភាពីម៉ិច (Pheapimex) ដែល​គ្រប់​គ្រង​ដី​សម្បទា​ន​ធំៗ ជា​ច្រើន។ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​​រក​​ឃើញ​ទៀត​ថា ដី​សម្បទា​ន​ទាំង​នោះ គឺ​លោក ឡៅ ម៉េងឃីន វាតទីយក​លើស​ពី​ការ​​កំណត់​ដោយ​ច្បាប់​រហូត​ដល់ ៣៣ ដង​​ពី​ទំហំ​ដើម ក្រោយ​ទទួល​បាន​សិទ្ធិ​កាន់​កាប់។

អ្នក​ស្រី អេម៉ា ប៊ើណែត (Emma Burnett) ដែល​ជា​មន្រ្តី​យុទ្ធនាការ​របស់​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នក​មាន​ទ្រព្យ​សម្បត្តិ​មហា​សាល​ទាំង​នេះ គឺ​មាន​បាន​ដោយ​សារការ​លួច​ទ្រព្យ​សម្បត្តិ​ជាតិ ដែល​បង្ក​ផល​មហន្តរាយ​​យ៉ាង​​ធំ​ធេង​ដល់​កម្ពុជា។  អ្នក​ស្រី​បន្ថែម​ថា កាលណា​ពួក​អ្នក​ទាំង​នេះ កាន់​តែ​មាន​បាន ពួក​គេ​កាន់​តែ​មាន​ទំនោរ​ជួយ​ធ្វើ​យ៉ាង​ណា​រក្សា​អំណាច​លោក ហ៊ុន សែន ឲ្យ​នៅ​បន្ត​ក្រាញ​អំណាច​បាន​យូរ​ត​ទៅ​ទៀត។

អ្នក​ស្រី អេម៉ា ប៊ើណែត (Emma Burnett) បន្ត​ថា រាប់ទសវត្សន៍មក​ហើយ ដែល​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​គេប្លន់​ដីធ្លី ប្លន់​ទ្រព្យ​សម្បត្តិ​ដែល​ជា​ធនធាន​ធម្ម​ជាតិ ប្លន់​សិទ្ធិ​បញ្ចេញ​មតិ​ជា​ដើម​ ឥឡូវគេប្លន់​សំឡេង​ឆ្នោត​របស់​​ពួក​គាត់​​ទៅ​ទៀត។

ដោយ​សារតែ​មូល​ហេតុ​នេះ​ហើយ ទើប​អ្នក​ស្រី​ស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ដូចជា​សហរដ្ឋ​អាមេរិក ជួយ​ស្តារ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​​ឡើង​វិញ​។ អ្នក​ស្រី​លើក​ឡើង​ថា ​ដើម្បី​ទប់ទល់​នឹង​របប​ផ្តាច់​ការ និង​ពុករលួយដូច​សព្វ​ថ្ងៃ​នេះ​​បាន គឺ​ទាល់តែ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ឧកញ៉ា ដែល​ជា​អ្នក​ទំនុកបម្រុង​លោក ហ៊ុន សែន ទាំង​អស់​នេះ។

អាស៊ី​សេរី មិន​ទាន់​អាចសុំការ​បំភ្លឺ​ពី​លោក លី យ៉ុងផាត់ លោក ទ្រី ភាព និង​លោក ឡៅ ម៉េងឃីន ​ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍ Global Witness បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា។

ប៉ុន្តែ​នៅ​​ថ្ងៃ​ទី​២០ ខែ​​កក្កដា ​លោក ម៉ុង ឫទ្ធី ប្រតិកម្ម​ដោយ​ខក​ចិត្ត ទៅ​នឹង​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​។ លោក​អះអាង​ជាមួយ​អាស៊ីសេរី​​ថា លោក​ជា​អ្នក​ដាំ បែរជាគេ​ចោទ​ថា ​លោក​កាប់​បំផ្លាញ​ទៅ​វិញ។ លោក​បន្ថែម​ថា អង្គការ​នេះ​មិន​ផ្តល់​ភាព​យុត្តិធម៌ ដល់​អ្វី​ដែល​លោក​អះអាង​ថា ជា​អំពើ​ល្អ​របស់​លោក​ចំពោះ​របប​លោក ហ៊ុន សែន នោះ​ឡើយ។ ម្យ៉ាង​ទៀត​លោក​ថា បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លោក គឺស្រេចតែ​អាមេរិក ជា​អ្នក​សម្រេច​ទៅ​ចុះ៖ «អាហ្នឹង​ជា​អំពើ​អ​យុត្តិធម៌​មួយ​អាក្រក់​បំផុត អ្នក​ដែល​ចោទ​ប្រកាន់​ហ្នឹង​ណ៎ា! បូម​ខ្សាច់​​រឿង​អី នេះ វា​គួរ​ឲ្យ​អស់​សំណើច​ដែរ។ ខ្ញុំ​មិន​ដឹងថា ត្រូវ​និយាយ​ថាម៉េច​ទៀត។ ស្រេចគេថាម៉េច ទៅ​តាម​ដំណើរ​ដូច្នេះ​​ទៅ។ ដាក់​ខ្ញុំ​ទៅ​ក្នុង blacklist ឬ​បញ្ជី​អ្វី​ផ្សេង ខ្ញុំ​មិន​អាចហាមឃាត់អី​កើត​ទេ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ តាម​ដំណើរ​ដូច្នេះ​​ទៅ។ ខ្ញុំ​អត់​មាន​អី​ទៅ​ប្រឆាំង​តវ៉ា​យ៉ាង​ម៉េច ក៏​អត់​កើត​»។

ចំណែក​ឯ​មន្រ្តី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ី​ផាន វិញ ការពារ​សកម្មភាព​របស់​ឧកញ៉ា​ទាំង​អស់​នេះ ដោយ​អះអាង​ថា ​ពួក​គាត់​​បាន​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ច្រើន រួម​ទាំង​ការ​ជួយ​ផ្តល់​ការ​ងារ​ធ្វើ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ និង ការបង្កើន​ចំនួន​អ្នក​មាន​ទ្រព​នៅ​ស្រុក​ខ្មែរ​ផង៖ «ឧកញ៉ាហ្នឹង​ជា​កម្លាំង​អូស​ទាញ​ឲ្យ​មាន​កំណើន​នៅ​ក្នុង​វណ្ណៈ​កណ្តាល ដែល​យើង​កំពុង​កសាង​ស្រ​ទាប់វណ្ណៈ ដូច​សហរដ្ឋ​អាមេរិក​ដែរ ដែល​ស្ថិត​នៅ​ក្នុង​ទី​ផ្សារ​សេរី ឈរ​ទៅ​លើមូលធន​នេះ​ឯង។ ឧកញ៉ា​ទាំង​អស់​នោះ ជា​ធនធាន​របស់​ជាតិ​កម្ពុជា​»។

លោក ផៃ ស៊ី​ផាន ចាត់​ទុកការរក​ឃើញ​បស់​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​​នេះ ថាជា​វាយ​តម្លៃ​ដោយ​អវិជ្ជ​មាន និង​វាយ​ប្រហារ​ដល់​សេចក្តី​សុខសាន្ត​របស់​កម្ពុជា ក្នុង​ពេល​កៀក​ជិត​បោះ​ឆ្នោត៖ «​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ ហ្គ្លោប៊ល វីតណេស គ្រាន់​តែជា​យុទ្ធនាការ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​រូប​អាក្រក់ ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​»។

ប៉ុន្តែ មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ភ្ញាក់​ផ្អើល​ទៅ​នឹង​ចំនួន​ដ៏​តិច​តួច នៃ​ឧកញ៉ា​នៅ​ស្រុក​ខ្មែរ ដែល​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​នោះ។ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែន​ករុណា ថា​ចំនួន​ឧកញ៉ា ដែល​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ រំលោភ​ដីធ្លី និង បំផ្លិច​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ជា​ដើម​​នោះ មិន​មែន​មាន​តែបួន​នាក់​ហ្នឹង​ទេ។

ចំណែក​ឯ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​សង្គម និង​នយោបាយ និង​ជា​អតីត​ទី​ប្រឹក្សា​អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា​លោក កឹម សុខា  ​មិន​ភ្ញាក់​ផ្អើល​ទាល់តែ​សោះ ពេល​ឮ​ព័ត៌មាន​ថា ឧកញ៉ា​ទាំង​នេះ មាន​ជាប់​ពាក់​ព័ន្ធ​ ជា​ពិសេស​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស៖ «​យើង​ដឹងជាហូរហែមក ដូចជា​ជម្លោះ​ដីធ្លី​ជាអាទិ៍ហ្នឹង គឺ​មាន​ពាក់​ព័ន្ធ​​ដល់​ឧកញ៉ាៗ​ទាំង​នោះ។ ការលោភលន់​អំណាច និង ការលោភលន់​ទ្រព្យ​សម្បត្តិ គឺជា​ប្រភព​នៃ​ទំនាស់ ជម្លោះ និង សង្គ្រាម​»។
ពីឆ្វេង​ទៅ​ស្ដាំ ​លោក ម៉ុង ឫទ្ធី ​លោក លី យ៉ុងផាត់​ លោក ទ្រី ភាព លោក ឡៅ ម៉េងឃីន។


រហូត​មក​ដល់​ពេល​នេះ មិន​មែន​មាន​តែ​អង្គការ​អន្តរជាតិ​មួយ​នេះ​ទេ ដែល​រក​ឃើញ​អំពី​បញ្ហា​ពាក់​ព័ន្ធ​​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លាញ​ធនធាន​ធម្ម​ជាតិ និង​អំពើ​ពុករលួយ ដែល​ប្រព្រិត្ត​ឡើង​ដោយ​អ្នក​មាន​ទ្រព្យ និង​មាន​អំណាច​ក្នុង​របប​លោក ហ៊ុន សែន។ អង្គការ​ក្នុង​ស្រុក​ជា​ច្រើន ក៏​បាន​រក​ឃើញ​បញ្ហា​រាប់​មិន​អស់​ដែរ។ ទាំង​លោក សឹង សែន​ករុណា និង​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សុទ្ធ​តែ​យល់​ស្រប​គ្នា​ថា ការ​ទទួល​ប្រយោជន៍​ពី​ប្រទេស​មាន​ប្រព័ន្ធ​ច្បាប់​ធូរលុង និង​​គ្មាន​ប្រសិទ្ធិ​ភាព និង​វប្បធម៌​និទណ្ឌភាព គឺជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នេះ នៅ​តែ​បន្ត​រួច​ខ្លួន​ជារៀង​រហូត​មក។

ជុំ​វិញ​វប្បធម៌​និទណ្ឌភាព​នេះ​ អ្នក​ស្រី អេម៉ា ប៊ើណែត (Emma Burnett) បន្ត​ថា នៅ​ពេល​នេះ មាន​តែ​សហគមន៍​អន្តរជាតិ​ជាតិ ដែល​ត្រូវ​ជួយ​អន្តរគមន៍ ​ដើម្បី​បំ​បាត់​ទម្លាប់​ឲ្យ​ជន​ល្មើស​រួច​ខ្លួន​នេះ។ អ្នក​ស្រី​បន្ថែម​ថា ស្រប​ពេល​ដែល​សភា​សហរដ្ឋ​អាមេរិក កំពុង​ជជែក​អំពី​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តី​ជាន់​ខ្ពស់ ក្នុង​របប​លោក ហ៊ុន សែន។ អង្គការ​អ្នក​ស្រី នឹង​ជំរុញ​​ឲ្យ​​សភា​​អាមេរិក ដាក់​បញ្ចូល​​ឈ្មោះ​ឧកញ៉ា​ទាំង​នេះ។ អង្គការ​អ្នក​ស្រី ក៏​នឹង​ធ្វើ​យុទ្ធនាការ ​ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋភិបាល​ប្រទេស​ដទៃ​ទៀត ធ្វើ​​តាម​អាមេរិក​ដែរ។

សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី១២ ខែ​មិថុនា បាន​ដាក់​មេកង​អង្គរ​ក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ម្នាក់​​រួច​ទៅ​ហើយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ដី​អាមេរិក និង​​បង្កក​​ទ្រព្យ​សម្បត្តិ​មុន​គេ។ បន្ថែម​លើ​នេះ អាមេរិក​ក៏​បាន​ហាមឃាត់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​​អាមេរិក មិន​ឲ្យ​ពាក់​ព័ន្ធ​​នឹង​លោក ហ៊ីង ប៊ុនហៀង ទៀត​ផង។

ចំណែក​ឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពី​ចុង​ខែ មិថុនា ក៏​បាន​ចេញ​របាយការណ៍ រក​ឃើញ​ឧត្តមសេនីយ៍ នៃ​របប​លោក ហ៊ុន សែន ១២ នាក់ ដែល​មាន​បាត​ដៃ​កខ្វក់ មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​យូរ​អង្វែង​នៅ​កម្ពុជា។ អង្គការ​នេះ ជំរុញ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​នូវ​វប្បធម៌​និទ្ទណ្ឌភាព តាម​រយៈការ​បើក​ការ​ស៊ើប​អង្កេត​លើ​ឧត្ដមសេនីយ៍​ទាំង​នេះ ​ដើម្បី​យក​ពួក​គាត់​ ទៅ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​​តុលា​ការ​អន្តរជាតិ។

ស្រប​ពេល​ដែល​អង្គការ​អន្តរជាតិ​កំពុង​កសាង​សំណុំ​រឿង ពាក់​ព័ន្ធ​​នឹង​មន្រ្តី​ពុករលួយ និង​​រំលោភ​សិទ្ធិ​មនុស្ស នៃ​របប​លោក ហ៊ុន សែន គណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិក នៃ​រដ្ឋសភា​អាមេរិក ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង ក្នុង​ការស្រង់បញ្ជី​ឈ្មោះ​ជន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ។ ប្រធាន​អនុ​គណៈកម្មាធិការ​នេះ គឺ​សមាជិក​សភា លោក ថិត យ៉ូហូ (Ted Yoho) បញ្ជាក់​​ប្រាប់​អាស៊ី​សេរី ថាមក​ដល់​ពេល​នេះ លោក​មាន​ឈ្មោះ មនុស្ស​ប្រហែល ២០​នាក់​រួច​ហើយ នៅ​ក្នុង​ដៃ៖ «​យើង​មាន​បញ្ជី​ឈ្មោះ​មួយ​ចំនួន​ដែល​ជា​ក្រុម​ឧត្តមសេនីយ៍​​យោធា និង​ក្រុម​អ្នក​ជំនួញ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន។ អ្វី​ដែល​យើង​ចង់​ធ្វើ​នៅ​ពេល​នេះ​គឺ​យើង​នឹង​ដាក់​ទណ្ឌកម្ម ដល់​ក្រុម​អ្នក​ជំនួញ​ដែល​មាន​អំណាច និង​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់​ហើយ​កំពុង​ជ្រោមជ្រែង​ដល់​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន កំពុង​ការពារ​អ្នក​ជំនួញ​ទាំង​នោះ។ ដោយ​សារ​មាន​មនុស្ស​អាច​ដាក់​សម្ពាធ ឬ​មាន​ឥទ្ធិពល​លើ​លោក ហ៊ុន សែន ដូច្នេះ​​ហើយ​បាន​ជា​យើង​ចង់​ដាក់​ទណ្ឌកម្ម​មនុស្ស​ទាំង​នោះ។ យើង​មាន​បញ្ជី​ឈ្មោះ​អ្នក​ទាំង​នោះ​ហើយ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​អាច​បង្ហាញ​ឈ្មោះ​ពួក​គេ​បាន​នៅ​ឡើយ​ទេ ដោយ​សារតែ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ជា​មួយ​ក្រសួង​ការ​បរទេស និង​ក្រសួង​រតនាគារ​​ជាតិ​ថែម​ទៀត​»។

របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង ពី​សហគមន៍​អន្តរជាតិ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស នៅ​សល់​មិន​ដល់ ១០​ថ្ងៃ​ទៀត​ទេ។ សហភាព​អឺរ៉ុប ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​លើរបប​លោក ហ៊ុន សែន ទាំង​មូល ដោយ​ដក​ការ​អនុ​គ្រោះ​ពន្ធ ប្រសិន​បើ​មិន​​ស្តារ​​ស្ថានការណ៍​​បច្ចុប្បន្ន​ឲ្យ​ប្រសើរ​ឡើង​វិញ៕ វិទ្យុអាស៊ីសេរី, ចុចស្ដាប់

ไม่มีความคิดเห็น:

แสดงความคิดเห็น