គោលជំហរ របស់លោក ចច ប៊ូស(George W. Bush) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (2)
កាលពីថ្ងៃម្សិលមិញ ខ្ញុំបានជម្រាបបងប្អូនពីគោលជំហរលោកប្រធានាធិបតី ចូ បៃដិន នៃសហរដ្ឋអាមេរិកលើសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដោយលោក ប្តេជ្ញាបញ្ចប់តាមការសន្យាក្នុងពេលឃោសនាបោះឆ្នោត និងការចង់បានរបស់ប្រជាជាពលរដ្ឋអាមេរិកាំង ចំនួន៧០%។ ថ្ងៃនេះខ្ញុំសូមបង្ហាញថា តើសង្គ្រាមនោះចាប់ផ្តើមដោយរបៀបណា ហើយលោកប្រធានាធិបតី ចច ប៊ូស នៃគណបក្សសាធារណរដ្ឋ មានគោលនយោបាយយ៉ាងណាដែរ ។
លោក ចច ប៊ូស (George W. Bush) ៖
១) សហរដ្ឋអាមេរិក ចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែក្រុមភេរវករអាល់ ខៃដា បានវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញ៉ីវយ៉ក និងក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១ ដោយប្រើយន្តហោះស៊ីវិល។ ពេលនោះ នៅក្រោមអាណត្តិ លោកប្រធានាធិបតី ចច ប៊ូស ។
២) បន្ទាប់ពីរដ្ឋាភិបាលតាលីបាន បានបដិសេធមិនប្រគល់ខ្លួនអូសាម៉ា ប៊ីនឡាដិន ដែលជាមេភេរវករ ក្រុមអាល់ខៃដា អោយអាមេរិក ទើបលោកប្រធានាធិបតី ចច ប៊ូស សម្រេចចិត្តចូលវាយប្រហារ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១ ដោយគិតថា ប្រតិបត្តិការធ្វើឡើងដោយរហ័សឆាប់ចប់ និងកម្ទេចចំគោលដៅ។ គោលដៅគឺតាមកម្ទេចតែក្រុមអាល់ ខៃដា ចោល។
៣) ប៉ុន្តែសង្គ្រាមបានអូសបន្លាយ រហូតដល់ខែឧសភា ឆ្នាំ២០០៣ ទើបអាមេរិក ប្រកាសបញ្ចប់ប្រតិបត្តិការប្រយុទ្ធ ដោយសារក្រុមតាលីបាន និងក្រុមអាល់ខៃដា បានរត់ភៀសខ្លួនទៅទីជនបទ។ អាមេរិក ងាកមកជួយសាងសង់ជួសជុលការខូចខាតវិញ។
៤) ពីឆ្នាំ២០០៤ ដល់២០០៦ ក្រុមតាលីបានអាចប្រយុទ្ធនឹងអាមេរិក និងសម្ព័ន្ធមិត្តក្នុង ទ្រង់ទ្រាយតូចប៉ុណ្ណោះ។ ក្នុងពេលនោះ រដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន ដែលជាអតីតអ្នកតស៊ូដែលមានឈ្មោះថាក្រុម«សម្ព័ន្ធមិត្តខាងជើង» ដែលបានឡើងកាន់អំណាចដោយមានជំនួយពី សហរដ្ឋអាមេរិក បានបង្កើតរដ្ឋធម្មនុញ្ញថ្មី និងបោះឆ្នោតជ្រើសរើសលោក ហាមីដ កាហ្សាយ ជាប្រធានាធិបតី។
៥) ដល់ពាក់កណ្តាលឆ្នាំ២០០៦ ស្រាប់តែក្រុមបះបោរតាលីបាន បានងើបឡើងធ្វើសកម្មភាពទ្រង់ទ្រាយធំឡើងវិញ។ ដោយឡែក អាមេរិកនិងក្រុមសម្ព័ន្ធមិត្តនៃអង្គការណាតូបានខ្វែងគំនិតគ្នាដោយប្រធានណាតូចង់អោយ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ទទួលខុសត្រូវសន្តិសុខ ហើយណាតូ កំណត់ដកចេញ នៅឆ្នាំ២០០៨។ រដ្ឋបាល លោក ប៊ូស អាក់អន់ចិត្ត និងសម្រេចប្រយុទ្ធបន្ត ដោយសារអំពើឃោរឃៅរបស់ ក្រុមតាលីបាន មកលើអង្គការមនុស្សធម៌អន្តរជាតិ។
ដូច្នេះ តើប្រធានាធិបតីបន្ទាប់ គឺ លោក បារ៉ាក់ អូបាម៉ា មានគោលជំហរយ៉ាងម៉េចដែរ លើសង្គ្រាមនេះ ដោយសារ លោក មកពីគណបក្សប្រជាធិបតេយ្យ? សូមរង់ចាំវគ្គបន្តនៅថ្ងៃស្អែក។
(សូមបញ្ចេញមតិខាងក្រោម ប៉ុន្តែសូមចងចាំថានេះជាផេកផ្ទាល់ខ្លួនរបស់ខ្ញុំ ការនិយាយស្តីគឺដូចជានិយាយក្នុងផ្ទះរបស់ខ្ញុំ)។
Credit: Men Kimseng
គោលជំហរ របស់លោក ចូ បៃដិន (Joe Biden) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (1), គោលជំហរ របស់លោក ចច ប៊ូស (George W. Bush) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (2), គោលជំហរ របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3), គោលជំហរ របស់ លោក ដូណាល់ ត្រាំ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់), រ៉ែលោហធាតុកម្រ (Rare-Earth Elements) របស់អាហ្វហ្គានីស្ថាន, នរណាជាមេដឹកនាំតាលីបង់ ដែលនឹងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ?




ไม่มีความคิดเห็น:
แสดงความคิดเห็น