រូបត្លុកនយោបាយ៖ ហ៊ុនសែនស៊ីហ្គេម៖ កម្ពុជាប្រទេសតូច តែមានបេះដូងធំ
កម្ពុជាបានចាប់ផ្តើមរៀបចំពិធីបើកផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភា យ៉ាងអធិកអធម និងប្រកបដោយមោទនភាព ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំរបស់ខ្លួន ដោយមានការជួយជ្រោមជ្រែងពីមិត្តដែកថែបចិន។ ក៏ប៉ុន្តែ មោទនភាពនេះ កំពុងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅប្រើប្រាស់ និងប្រឡាក់ប្រឡូសនឹងរឿងនយោបាយ ប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិដើម្បីកេងចំណេញនយោបាយសម្រាប់ត្រកូល«ហ៊ុន»ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ ។
រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចចិត្តត្រឡប់ត្រឡិនលុបចោលការយកថ្លៃលើការស្នើសុំសិទ្ធិផ្សាយបន្តផ្ទាល់ លុបចោលការលក់សំបុត្រចូលទស្សនាសម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស និងលុបចោលការយកលុយហូបចុក និងថ្លៃស្នាក់នៅពីប្រតិភូកីឡាស៊ីហ្គេមបរទេសក្នុងម្នាក់ៗ ៥០ដុល្លារ សរុបប្រមាណ ៧លានដុល្លារ ដោយអះអាងថា កម្ពុជាជាប្រទេសតូចតែមាន«បេះដូងធំ» ។ ក៏ប៉ុន្តែ «បេះដូងធំ» នេះ ហាក់ត្រូវបានរដ្ឋាភិបាលមើលរំលងចំពោះការពិតដែលថា ខ្លួនជាប្រទេសមានសេដ្ឋកិច្ចក្រីក្រតោកយ៉ាកជាងគេក្នុងតំបន់ និងបន្តខ្ចីបុលលុយពីបរទេសជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីរស់ ។
លើសពីនេះទៀត ពលរដ្ឋកម្ពុជាក្រីក្ររាប់លាននាក់ កំពុងជំពាក់បំណុលធនាគារវ័ន្តក ខណៈពួកគេមួយចំនួនបាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយរងនូវការប្រមាថមើលងាយពីអាជ្ញាធរប្រទេសជិតខាងដោយគ្មានការអើពើពីរដ្ឋាភិបាលខ្លួនឯង។ អ្នកវិភាគថា ការសម្រេចចិត្តរបស់កម្ពុជារឿងមិនយកលុយពីព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺជាគំនិតដ៏«ឆ្កួតលីលាបំផុត»។ ក៏ប៉ុន្តែ លោក ហ៊ុន សែន ផ្តល់អំណះអំណាងវិញថា ការយកលុយពីព្រឹត្តិការណ៍នេះ មិនអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះទេ ៕
វិទ្យុអាស៊ីសេរី
ไม่มีความคิดเห็น:
แสดงความคิดเห็น