លទ្ធផលសង្ខេបនៅសវនាការនៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២១
សវនាការ យុវជនខ្មែរថាវរៈ ព្រឹកមិញនេះ កំសត់ណាស់ អ្នកចូលរួមស្តាប់មួយចំនួនរលីងរលោងទឹកភ្នែក ពេលលឺសំឡេងអ្នកទោសមនសិការ ដែលពួកគាត់ថ្លែងមតិ នៅចុងបញ្ចប់នៃការជំនុំជម្រះ អមដោយការសំណូមពរដែលឮហើយ ស្ទើរទប់ទឹកភ្នែកមិនបាន ។
ព្រឹកមិញនេះ ក្រោយបិទបញ្ចប់ការសួរដេញដោលលើយុវជន ហ៊ុន វណ្ណៈ អាយុ ៣៩ ឆ្នាំ និងកញ្ញា ឈឿន ដារ៉ាវីអាយុ ៣១ ឆ្នាំ ចៅក្រមទិត្យ សុធីបូរ៉ាឆាត បានអនុញ្ញាតឲ្យជនជាប់ចោទទាំងអស់ ដែលរួមមាន លោក គង់ សំអាន, ជុំ ពុទ្ធី, ឈួ ផេង, ហ៊ុន វណ្ណ, មាន ព្រហ្មមុនី, កើត សារ៉ាយ(ព្រះសង្ឃ) ថា ឡាវី, មួង សុភក្ត្រ និងកញ្ញា ឈឿន ដារ៉ា, កញ្ញា អេង ម៉ាឡៃ មានមតិ និងសំណូមពរចុងក្រោយ មកកាន់ចៅក្រម និងអង្គជំនុំជម្រះទាំងមូល។
ផ្តើមដោយលោក គង់ សំអាន (អតីតគ្រូបង្រៀន) បានបញ្ញាក់ស្មារតី និងទាញអារម្មណ៍អង្គសវនាការ ទាំងមូលឲ្យពិចារណាលើសុភាសិតបរទេសមួយ ដែលបានពោលថា "ច្បាប់បើងាកចេញពីអំពើយុត្តិធម៌ នោះមិនមែនជាច្បាប់ទៀតទេ វាគ្រាន់តែ ជួយបំពេញភាពស្របច្បាប់ ឲ្យអំពើឃោរឃៅតែប៉ុណ្ណោះ" ។
លោកបន្ថែមថា សុភាសិតបរទេសនេះ លោក មិនបានប្រៀបធៀបជាមួយស្ថានភាពនៅទីណានោះទេ តែស្នើឲ្យអ្នកអនុវត្តន៍ច្បាប់នានាវៀរចាកនូវសុភាសិតដ៏សោកសៅមួយនេះ។
ដោយឡែកលោក មាន ព្រហ្ម មុនី អនុប្រធានសមាគមនិស្សិតបញ្ញាវ័ន្តខ្មែរវិញ ខ្លួនបានថ្លែងថា អំឡុងពេលនៃការគ្រោងរៀបចំការតវ៉ាទាមទារ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ខ្លួនបានដាក់លិខិត ជូនដំណឹងរួចហើយ ទៅកាន់សាលារាជធានីភ្នំពេញហើយនៅក្នុងច្បាប់ស្តីពី ការធ្វើបាតុកម្ម ដោយអហិង្សាទៀត សោតក៏បានចែងថារាល់សកម្មភាពប្រមូលផ្តុំតវ៉ាទាមទារ ដែលមានចំនួនក្រោម ២០០ នាក់ គឺ ប្រជាពលរដ្ឋ អាចធ្វើបានដោយគ្រាន់តែធ្វើលិខិត ជូនដំណឹងទៅកាន់អាជ្ញាធរតែប៉ុណ្ណោះ ក៏ប៉ុន្តែ អាជ្ញាធរ បែរជាមកចាប់ខ្លួនលោកដល់ផ្ទះ ពាក់ព័ន្ធនឹងសកម្មភាពសម្តែងមតិ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងចាប់ខ្លួនលោក រ៉ុង ឈុន ដែលលោក មានព្រហ្មមុនីហៅថា ជារឿងអយុត្តិធម៌បំផុត ។
លោក មាន ព្រហ្មមុនី បន្តថា "អយុត្តិធម៌មួយថ្ងៃនៅក្នុងពន្ធនាគារ គឺស្មើនឹងអយុត្តិធម៌មួយឆ្នាំនៅខាងក្រៅ" ព្រោះក្នុងពន្ធនាគារមានការចង្អៀតណែនណាន់តាន់តាប់(ភាសានិយាយ) ។ លោក ដាក់ ជាសំណួរទៅកាន់ចៅក្រម និងតំណាងអយ្យការថា បើហេតុការណ៍បែបនេះ កើតមកលើលោកចៅក្រម លោកអយ្យការ ឬមកលើក្រុមគ្រួសារអស់លោក តើលោកគិតយ៉ាងណាដែរ ?
ដោយឡែកចំពោះយុវជន ថា ឡាវី ដែលជានិស្សិតនៅសាលាតិចណូវិញ បាននិយាយថា "ខ្ញុំជឿជាក់ថាច្បាប់ធម្មជាតិនៅតែមាន អ្នកណាសាងអី នឹងទទួលបានផលនោះមកវិញ" ហើយយុវជនរូបនេះ បានសំណូមពរឲ្យចៅក្រមទម្លាក់ចោលការចោទប្រកាន់មកលើរូបគេ និងអ្នកផ្សេងទៀត ។ រីឯយុវជនមួង សុភក្ត្រ វិញ បានប្រាប់តុលាការថា ខ្លួនជាប់ឃុំយ៉ាងអយុត្តិធម៌បំផុត ។ តុលាការបានចោទថា រូបគេបានចូលរួមប្រព្រឹត្តអំពើញុះញង់ នៅថ្ងៃទី ០១ ដល់ ០៤ សីហា ឆ្នាំ២០២០ ទាំងដែលរូបគេមានវត្តមានចូលរួមឃ្លាំមើល តែមួយថ្ងៃគត់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយសកម្មភាពនោះ អត់បានទៅស្រែក ឬលើកបដាអ្វីនោះទេ។
ងាកមើលស្តាប់នូវសំណូមពរ របស់ព្រះតេជគុណ កើត សារ៉ាយ វិញ លោក បានសំណូមពរ ២ ចំណុចធំ ៗ ទៅកាន់តុលាការ ដោយលោក ថា :-
-សព្វថ្ងៃនេះ អ្នកមានលុយមានអំណាច ធ្វើអីបានតាមចិត្ត ជិះជាន់ពលរដ្ឋក្រីក្រ ដូច្នេះ ក្តីសង្ឃឹមរបស់ពលរដ្ឋ មានតែមួយគត់ គឺ ទទួលបានភាពយុត្តិធម៌ពីតុលាការ ។ ដូច្នេះ សូមតុលាការមេត្តាជួយដល់ពលរដ្ឋក្រីក្រផង ។
-ទី២ លោក បានសំណូមពរសុំឱ្យចៅក្រមមេត្តាសិក្សាលទ្ធភាព ថា តើអាចផ្ទេរនូវទោសទណ្ឌទាំងអស់ពីកញ្ញា ឈឿន ដារ៉ាវី និង អេង ម៉ាឡៃ មកឲ្យខ្លួនជាអ្នករាប់រ៉ងបានទេ ព្រោះអ្នកទាំងពីរជាស្ត្រីទន់ខ្សោយ និង មានសុខភាពទន់ខ្សោយផង ហើយត្រូវចិញ្ចឹមអ្នកមានគុណ ដែលជាគ្រួសារក្រីក្រផង ។
លោកថា ការស្នើបែបនេះ មិនមែនបានន័យថា លោក ទទួលស្គាល់ទោសកំហុសឡើយ ព្រោះយ៉ាងណាក៏ដោយ ក៏ពួកខ្លួនមិនរំពឹងថា បានយុត្តិធម៌ដែរ។
រីឯ កញ្ញា ឈឿន ដារ៉ាវី បាននិយាយចំ ៗ ទៅកាន់ចៅក្រមថា ៖ "ខ្ញុំមិនរំពឹងយុត្តិធម៌ពីសង្គមអយុត្តិធម៌នោះទេ"
កញ្ញាបានស្នើរឲ្យតុលាការផ្តោតលើអំពើពុករលួយក្នុងសង្គម ជាពិសេសលើបញ្ហាគ្រឿងញៀននៅក្នុងសង្គម ហើយតុលាការត្រូវពង្រឹងនូវការអនុវត្តច្បាប់ និង មានឯករាជ្យភាព។ ដោយឡែកងាកមកមើលបញ្ហាជាប់ឃុំវិញ កញ្ញាថាអ្នកមានលុយ គឺអាចដេកគុកស្រួល មានទីតាំងទូលាយ រីឯអ្នកទោសមនសិការវិញ មានការលំបាកខ្លាំងណាស់។ ហើយមួយទៀត ប្រសិនបើជាអាចកញ្ញាសូមរ៉ាប់រ៉ងទទួលនូវទុក្ខទោសទាំងអស់ ជំនួសមិត្តភក្តិវិញ ព្រោះ កញ្ញាដឹងច្បាស់ មិនអាចទទួលបានយុត្តិធម៌ពី អ្នកអនុវត្តន៍ច្បាប់បានទេ។
ត្រឡប់មកមើលដំណើររឿងសួរដេញដោលវិញ លោកមេធាវី សំ ចំរើន មកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យចៅក្រមពិចារណា លើហេតុផលមួយចំនួន ដើម្បីទម្លាក់ចោលការចោទប្រកាន់ និង ដោះលែងកូនក្តីខ្លួនឲ្យមានសេរីភាព។ លោកមេធាវីបានពោលថា "នៅក្នុងសង្គមប្រជាធិតេយ្យ ការបញ្ចេញមតិ គឺជាទីផ្សារគំនិត សម្រាប់សាធារណជន ធ្វើការត្រិះរិះពិចារណា" ។ មួយវិញទៀត លោក មេធាវី ក៏បានសង្កត់ធ្ងន់ដែរថា គ្មានអ្នកណាដែលអាចធានាបានថា គ្រប់សកម្មភាពរបស់រដ្ឋ ធ្វើឡើងសុទ្ធតែត្រឹមត្រូវ និង មានប្រយោជន៍សម្រាប់ជាតិនោះទេ ។
ដូច្នេះ ការបញ្ចេញមតិរបស់ពលរដ្ឋ គឺពិតជាមានសារៈសំខាន់នៅក្នុងការចូលរួមបំពេញបន្ថែម ។ លោកបន្តថា រដ្ឋាភិបាល គួរតែមានមោទនភាព ដែលមានពលរដ្ឋហ៊ានបញ្ចេញមតិ ព្រោះនោះ ជាការសបញ្ជាក់អំពីចំណេះដឹង របស់ពលរដ្ឋ លើសេរីភាពបញ្ចេញមតិ និង សិទ្ធិរបស់ខ្លួន ។ លោកថា បទញុះញង់ អាចចាប់បង្ខំឲ្យទទួលខុសត្រូវបាន លុះណាតែមានភ័ស្តុតាងជាក់ស្តែង និងមាន ព្យសនកម្ម (កម្មគឺទង្វើសេចក្ដីវិនាស) ច្បាស់លាស់។ លើសពីនេះទៅទៀត លោកមេធាវី បានស្នើឱ្យចៅក្រមពិនិត្យ ទៅលើករណីសិក្សាមួយចំនួន ជាពិសេស ទៅលើគោលការណ៍របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ធាតុផ្សំចំនួន ៣ នៅក្នុងសេរីភាពបញ្ចេញមតិ ។
សវនាការព្រឹកមិញនេះដែរ ក៏មានជាប់ពាក់ព័ន្ធនឹងអតីមន្ត្រីគណបក្សសង្គ្រោះជាតិ គឺ លោក ហូរ វ៉ាន់ លោក អ៊ូ ចាន់រ័ត្ន លោក គង់ សភា លោក សេង ម៉េង ប៊ុនរ៉ុង និង ពលរដ្ឋខ្មែរនៅអូស្រ្ដាលី លោក ហុង លឹម ។
សវនាការទាំងមូលបានបញ្ចប់នាវេលាម៉ោង ១២:២០ នាទី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ និងត្រូវប្រកាសសាលក្រមម៉ោង ៨ ព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ៕
Credit: ហ្វេសប៊ុក : Ma Chettra


ไม่มีความคิดเห็น:
แสดงความคิดเห็น