![]() |
| មេដឹកនាំរបបក្រុងភ្នំពេញ និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ថ្លែងក្នុងពិធីខួប ៦៨ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ |
គណបក្សកាន់អំណាច ប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតបក្សប្រជាជនបដិវត្តខ្មែរ ដែលជាឈ្មោះដើមរបស់គណបក្សប្រជាជនកម្ពុជា។ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ថ្លែងថា រយៈពេល ៦៨ឆ្នាំ វត្តមានរបស់គណបក្សកាន់អំណាចបានខិតខំជម្នះ និងតស៊ូយ៉ាងស្វិតស្វាញ ដើម្បីអភិវឌ្ឍន៍ និងកសាងលទ្ធិប្រជាធិបតេយ្យកម្ពុជា។ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា បក្សប្រជាជនកម្ពុជា មានឈ្មោះដើមគឺ បក្សកុម្មុយនិស្តខ្មែរ បង្កើតដោយមេដឹកនាំវៀតណាម និង ថា ៦៨ឆ្នាំមកនេះ គណបក្សកាន់អំណាចបានធ្វើឲ្យកម្ពុជា កាន់តែធ្លាក់ចុះដុនដាបគ្រប់វិស័យ។
លោក ហ៊ុន សែន លើកឡើងក្នុងខួប៦៨ឆ្នាំ នៅព្រឹកថ្ងៃទី២៨ មិថុនា នៅកោះពេជ្រ ថា តាំងពីកកើតគណបក្សប្រជាជនបដិវត្តន៍ខ្មែរ នៅឆ្នាំ១៩៥១មក គណបក្សនេះបានប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជា ការដឹកនាំកម្លាំងតស៊ូ ដណ្ដើមឯករាជ្យពីអាណានិគមបារាំង។ នៅឆ្នាំ១៩៧០ ដល់៧៥ បក្សនេះ បានដឹកនាំកម្លាំងតស៊ូនឹងការឈ្លានពានរបស់បរទេស បន្ទាប់មកបានប្រយុទ្ធប្រឆាំងវាយរំលំរបប ប៉ុល ពត កសាងជាតិឡើងវិញ និងការរំលាយគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៧ ដែលលោក ហ៊ុន សែន ចាត់ទុកថា ជាការទប់ស្កាត់បានជោគជ័យនូវចលនាបដិវត្តន៍គ្រោងផ្ដួលរំលំរដ្ឋាភិបាល។
លោក ហ៊ុន សែន អះអាងទៀតថា គឺគណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសឡើងវិញ ក្រោយឆ្នាំ១៩៧៩ បានអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យមានកំណើនខ្លាំងលើសពីការរំពឹងទុក ប្រមូលកម្លាំងស្នេហាជាតិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ មិនប្រកាន់ឋានៈ វណ្ណៈ សង្គម អតីតកាល និងបង្កើតពាក្យស្លោក អភិក្រម៥យ៉ាង សម្រាប់កែទម្រង់មុតស្រួចជាដើម៖ «៦៨ឆ្នាំ កន្លងទៅនេះ ទោះបីត្រូវប្រឈមបញ្ហាដ៏ស្មុគស្មាញបំផុត នៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិ យ៉ាងណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្ដមគតិស្នេហាជាតិ យុទ្ធភូមិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នា ការពារសមិទ្ធផលសង្គមជាតិ និងការពារប្រទេសកម្ពុជាមួយ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនៈភាពសង្គម»។
លោក ហ៊ុន សែន មិនបានបញ្ជាក់ថា មីទីងខួបទី៦៨នៃថ្ងៃកំណើតបក្ស មានមនុស្សប៉ុន្មានចូលរួមទេ ប៉ុន្តែប្រព័ន្ធឃោសនាស្និតរបបក្រុងភ្នំពេញ (Fresh News) ចុះផ្សាយការអះអាងរបស់អ្នកនាំពាក្យបក្សកាន់អំណាច លោក ឈឹម ផលវរុណ ថា ពិធីអបអរសាទរថ្ងៃកំណើតបក្ស មានអ្នកចូលរួមចន្លោះពី ៨ ទៅ១០ម៉ឺននាក់។ ទោះយ៉ាងណា ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញដដែលមិនបានបញ្ជាក់ថា អ្នកចូលរួមទទួលបានលុយ ឬអត់ទេ ខណៈកោះពេជ្រទាំងមូល ត្រូវហាមមិនឲ្យពលរដ្ឋ ផ្សេងទៀត បានចូលឡើយ ក្នុងពេលបក្សកាន់អំណាចកំពុងប្រារព្ធពិធី។
ក្នុងសុន្ទរកថា លោក ហ៊ុន សែន អះអាងជាថ្មី ថា របបលោក នឹងមិនខ្វល់នឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ឡើយ។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី យល់ថា សារលើកបង្អួតពីស្នាដៃរបស់គណបក្សកាន់អំណាច គ្រាន់តែជាសារនយោបាយធម្មតា ដែលគណបក្សនីមួយៗ លើកជាអំនួតអួតប្រាប់ពលរដ្ឋ ក្នុងន័យនយោបាយ។ លោក មាស នី យល់ថា សារនយោបាយនេះ អាចទាញចំណាប់អារម្មណ៍បាន តែក្រុមអ្នកមាននិន្នាការនយោបាយមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែមិនអាចទាក់ទាញប្រជាប្រិយភាព ឬចំណាប់អារម្មណ៍ ពីអ្នកចេះដឹងប្រវត្តិសាស្ត្របានឡើយ ព្រោះគណបក្សកាន់អំណាចមានប្រភពមកពីបក្សកុំមុយនិសឥណ្ឌូចិន ហើយត្រូវបានមេដឹកនាំវៀតណាមរក្សាទុករហូតមក ទើបបញ្ចេញ ប្រឡូកក្នុងឆាកនយោបាយកម្ពុជាវិញ នៅកំឡុងឆ្នាំ១៩៧៥ ដល់សព្វថ្ងៃ៖ «ខ្ញុំគិតថា បើសិនជាយើងគ្រាន់តែនិយាយពីសារហ្នឹង វាអាចសម្រាប់ពលរដ្ឋខ្លះ ពិសេសយុវជន ដែលគាត់មិនបានដឹងអំពើប្រវត្តិសាស្ត្រ ច្បាស់លាស់ អាចពីរោះស្ដាប់សម្រាប់ពួកគាត់។ ប៉ុន្តែសម្រាប់អ្នកដែលគេស្គាល់ប្រវត្តិសាស្ត្រច្បាស់ ហើយនឹងប្រវត្តិរបស់គណបក្សប្រជាជនច្បាស់ ពិសេសគឺអ្នកនិយម មិនពេញចិត្តនឹងវៀតណាម គេនឹងអាចមានការរិះគន់ ព្រោះសម្រាប់អ្នកដែលគេដឹងពីប្រវត្តិសាស្ត្រ គេដឹងថា គណបក្សប្រជាជនចេញពីណាមក គេដឹង»។
អ្នកសម្របសម្រួល និងអង្កេតនៃអង្គការខុមហ្វ្រែល (comfrel) លោក កន សាវាង្ស ទទួលស្គាល់ថា គណបក្សកាន់អំណាចមានស្នាដៃច្រើន ក្នុងការជួយជាតិ និងលទ្ធិប្រជាធិបតេយ្យកន្លងមក។ ប៉ុន្តែ គណបក្សនេះ បានបង្កើតឲ្យមានការបោះឆ្នោត ដ៏ចម្រូងចម្រាស់ នៅឆ្នាំ២០១៨ បណ្ដាលឲ្យរងការរិះគន់ថា មិនគោរពលទ្ធិប្រជាធិបតេយ្យ។ លោក កន សាវាង្ស ថា បើទោះគណបក្សប្រជាជនកម្ពុជា មានស្នាដៃបែបណាក៏ដោយ ប៉ុន្តែមិនមែនគណបក្សកាន់អំណាចតែមួយ អាចធ្វើឲ្យជាតិរីកចម្រើនទេព្រោះកន្លងមក មានភាគីខ្មែរច្រើនផ្សេងទៀត បានរួមចំណែកកម្ពុជាឲ្យរីកចម្រើន និងកសាងលទ្ធិប្រជាធិបតេយ្យ៖ «ស្នាដៃ ៧មករា គឺថា គណបក្សប្រជាជនមានហើយ។ ប៉ុន្តែក្រោយមកទៀត មិនមែនមានតែគណបក្សប្រជាជនតែឯងទេ។ វាមានការចូលរួមអំពីគណបក្សផ្សេងៗទៀត។ យើងឃើញហើយ ឆ្នាំ១៩៩៣ ក្រោយពីការបោះឆ្នោតមក មានគ្រប់ភាគី។ មានភាគីជាច្រើន ខាងគណបក្សលោកតា សឺន សាន ក៏ជាក្រុមចលនាតស៊ូក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ»។
ចំណែកមេដឹកនាំគណបក្សប្រឆាំងវិញ លោក សម រង្ស៊ី អះអាងថា គណបក្សប្រជាជនកម្ពុជាមិនមែនជាអ្នកកសាង ឬអភិវឌ្ឍន៍ជាតិទេ គឺផ្ទុយទៅវិញ គណបក្សកាន់អំណាច និង លោក ហ៊ុន សែន ជាអ្នកកាត់ទឹកដីឲ្យប្រទេសវៀតណាម កម្ទេចលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញធនធានធម្មជាតិ៕អាស៊ីសេរី
ไม่มีความคิดเห็น:
แสดงความคิดเห็น