ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​ប្រកាស​ពី​ផែនការ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេរបបភ្នំពេញ ​នៅ​ប្រទេស​ស៊្វីស​ - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​ប្រកាស​ពី​ផែនការ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេរបបភ្នំពេញ ​នៅ​ប្រទេស​ស៊្វីស​

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​ប្រកាស​ពី​ផែនការ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេរបបភ្នំពេញ ​នៅ​ប្រទេស​ស៊្វីស​

Share This
ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ តវ៉ា​នៅ​មុខ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ប្រឆាំង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០១៩។

 
ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​ប្រកាស​ពី​គម្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន មេរបបភ្នំពេញ នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស៊្វីស​ ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី៤ កក្កដា​ខាងមុខ​នេះ។ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​អះអាង​ថា លោក​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧០០នាក់ រង់ចាំ​ស្វាគមន៍​លោក​ផង​ដែរ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​លីយ៉ុង (Lyon) ប្រទេស​បារាំង​ លោក​ លី ពឿង ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១ កក្កដា​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បែក​អឺរ៉ុប​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក​ ហ៊ុន សែន​ នៅ​ក្រៅ​ប្រទេស។

លោក​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ី​សេរី​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិន​ពេញចិត្ត​នឹង​វត្តមាន​លោក​ ហ៊ុន សែន​ នៅ​ក្រៅ​ប្រទេស​ទេ​ ដោយ​សារ​តែ​ពួក​គាត់​មិន​ទទួល​ស្គាល់​លោក​ជា​នាយករដ្ឋមន្ត្រី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នោះ​ឡើយ។

លោក​មាន​ប្រសាសន៍​បន្ត​ថា អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​ទាំង​អស់ នឹង​ចង់​បង្ហាញ​អោយ​ពិភព​លោក​បាន​ដឹង​ដែរ​ថា​ កម្ពុជា​ត្រូវ​ការ​សេរីភាព​ ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​មនុស្ស​ និង​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​បាន​ចូល​រួម​បោះ​ឆ្នោត​ឡើងវិញ៖ «សុខ​ចិត្ត​ទ្រាំ​ធ្មេច​ភ្នែក​​ យើង​ឈរ​ដូច​គេ​ដូច​ឯង​អ៊ីចឹង​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ យើង​មិន​បណ្ដោយ​អោយ​ ហ៊ុន សែន​ ទៅ​សប្បាយ​ តាម​អំពើ​ចិត្ត​ហើយ​ដើរ​អួត​ថា​ ៧០០​នាក់​។​គេ​ទៅ​ច្រើន​គ្នា​ហើយ​សប្បាយ​ចំពោះ​លោក​ទេ​ គាត់​ច្រឡំ​ធំ​ហើយ ច្រឡំ​ធំ​មែន​ទែន​តែ​ម្ដង បាទ»។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​គឺ​លោក​ ហ៊ុន សែន​ គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​ប្រជុំ​មួយ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៤ កក្កដា​ខាងមុខ​នេះ។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រកាស​អំពី​ផែនការ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន នៅ​លើ​ទឹក​ដី​អឺរ៉ុប​នេះ បាន​ធ្វើ​ឡើង​ជា​ហូរហែ​រួច​មក​ហើយ​ នៅ​ពេល​ដែល​លោក ហ៊ុន សែន ចេញ​មក​ចូលរួម​កិច្ច​ប្រជុំ​ក្រៅ​ប្រទេស​ម្តងៗ។

ចំណែក លោក ហ៊ុន សែន វិញ ប្រកាស​ថា ទោះ​ជា​មាន​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​យ៉ាងណា​ក៏ដោយ ហើយ​បើ​ទោះ​ជា​ត្រូវ​ឡើង​ភ្នំភ្លើង ក៏​លោក​នៅ​តែ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​នោះ​ដែរ ហើយ​លោក​ថែម​ទាំង​ថ្លែង​ចំអក​ឲ្យ​ក្រុម​ប្រឆាំង​ថា​សូម​ចេញ​មុខ​មក​ឲ្យ​បាន​ច្រើន ដើម្បី​ត​ទល់​នឹង​ក្រុម​ដែល​គេ​មក​គាំទ្រ​លោក៖ «ខ្ញុំ​មិន​ដឹង​ថា មាន​បាតុកម្ម​ប្រឆាំង​នឹង​ខ្ញុំ ឬ​អត់​តែ​បើ​ទោះ​បី​ជា​ឡើង​ភ្នំភ្លើង​ក៏​ខ្ញុំ​ទៅ​ហ្សឺណែវ​ដែរ ម៉ោង ៤ល្ងាច នៅ​ថ្ងៃ​ទី៤ ខ្ញុំ​នឹង​ជួប​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧០០នាក់ កន្លែង​ក៏​ពិបាក ពី​ព្រោះ​ចំ​ថ្ងៃ​ធ្វើ​ការ​ ហើយ​ខ្ញុំ​ជួប​ពួក​និស្សិត​នឹង​ពលរដ្ឋ​ខ្មែរ​យើង​រស់​នៅ​អឺរ៉ុប​ប្រមាណ ៧០០នាក់»។

គម្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹក​ដី​អឺរ៉ុប​លើក​នេះ​ខុស​ប្លែក​ពី​លើ​មុនៗ​បើទោះ​បី​ជា​មេដឹក​របប​ក្រុង​ភ្នំពេញ​បាន​អះអាង​ថា​ អ្នក​ដែល​បាន​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​តិច​ជាង​អ្នក​ដែល​មក​ស្វាគមន៍​វត្តមាន​របស់​ក្តី។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទី​ក្រុង​លីយ៉ុង​ប្រទេស​បារាំង​ លោក​ លី​ ពឿង​ ចោទ​ប្រកាន់​ថា​ របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ថវិកា​ប្រមាណ ១០០ដុល្លារ​ដល់​ពលរដ្ឋ​ខ្មែរ​ណា​ដែល​មក​គាំទ្រ​លោក ហ៊ុន សែន ទាំង​ការ​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ដោយ​មិន​គិត​ថ្លៃ​​នៅ​ទឹកដី​អឺរ៉ុប​ផង​ដែរ។

លោក​បញ្ជាក់​ថា​ មាន​មនុស្ស​ចំនួន​បី​ប្រភេទ​ ដែល​ធ្លាប់​ស្វាគមន៍​វត្តមាន​លោក​ ហ៊ុន សែន​ កន្លង​មក ​គឺ​ទី​មួយ​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ទីពីរ​អ្នក​ដែល​មាន​មុខរបរ​រកស៊ី​ចេញចូល​ស្រុក​ខ្មែរ​ និង​ទីបី​ សាខា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស។ តែ​ទោះ​យ៉ាង​ណា ​លោក​បញ្ជាក់​ថា​ មាន​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ច្រើន​លើសលប់ ​មិន​គាំទ្រ​​លោក​ ហ៊ុន សែន ទេ។​

កាល​ពី​ខែ​ឧសភា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក​ ហ៊ុន សែន​ នៅ​ក្នុង​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ជាទី​កន្លែង​ដែល​លោក​ កំពុង​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី។

មេ​ដឹក​នាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន ​មិន​បាន​ចេញ​មុខ​ទៅ​ជួប​ក្រុម​បាតុករ​ ដែល​ប្រឆាំង​នឹង​លោក​នោះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី​នៅ​ទីក្រុង​តូក្យូ​ថា លោក​មិន​ខ្លាច​ញញើត​ ចំពោះ​បាតុកម្ម ឬ​ការ​ប៉ះ​បោរ​ប្រឆាំង​លោក​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​រួម​មាន​សហរដ្ឋ​អាមេរិក​ បារាំង​ និង​​ប្រទេស​ជប៉ុន​តែងតែ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ហើយក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏​ស្វាគមន៍​លោក​ ហ៊ុន សែន​ផង​ដែរ៕ អាស៊ីសេរី, ចុចស្ដាប់សំឡេង

ไม่มีความคิดเห็น:

แสดงความคิดเห็น