អ្នកតាមដានសង្គមអះអាងថា ដើម្បីបំបាត់ការដឹកនាំផ្តាច់ការបែបយោធានៅកម្ពុជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ត្រូវធ្វើពហិការ មិនទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ បានបង្ហាញរបាយការណ៍មួយ កាលពីថ្ងៃទី២៨ ខែមិថុនា ដោយអះអាងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្លាយជាមេដឹកនាំយោធាផ្តាច់ការហើយ តាមរយៈការប្រើប្រាស់មន្រ្តីយោធា និងប៉ូលិស ឲ្យប្រើអំពើហិង្សា និងរំលោភសិទ្ធិមនុស្ស ដើម្បីរក្សាអំណាចរបស់លោក។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែមិថុនា ដោយអំពាវនាវឲ្យពលរដ្ឋម្ចាស់ឆ្នោតថា ត្រូវប្រើអំណាច និងសិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំប្រកាន់យកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ព្រះអង្គស្នើសុំឲ្យពលរដ្ឋម្ចាស់ឆ្នោត ត្រូវហ៊ានបញ្ចេញមតិពីការបាត់បង់គណបក្សសង្គ្រោះជាតិ ដែលខ្លួនគាំទ្រ ដើម្បីបង្ហាញសហគមន៍អន្តរជាតិថា ពលរដ្ឋខ្មែរមិនគាំទ្រ ការដឹកនាំផ្តាច់ការរយៈពេលជាង ៣០ឆ្នាំ របស់លោក ហ៊ុន សែន តទៅទៀតឡើយ៖ «ទី១ ពលរដ្ឋយើងត្រូវចេះគោរពឥស្សី គឺ EU US និងUN តាមរយៈរូបភាព ២ គឺកុំទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា និងរក្សាចិញ្ចឹមទឹកចិត្ត ជាអ្នកការពារ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ សូមកុំឆក់់ឱកាស និងធ្វើជាអ្នកឱកាសនិយម។ ហើយមួយទៀត គឺយើងធ្វើដំណើរក្នុងគន្លងលទ្ធិប្រជាធិបតេយ្យរឹងមាំ ដោយប្រើសិទ្ធិរបស់ខ្លួនជាម្ចាស់ឆ្នោត»។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាបន្ថែមថា ពលរដ្ឋខ្មែរទូទៅ បានដឹងការពិត អំពីបញ្ហារំលោភសិទ្ធិមនុស្ស។ ការប្រើអំពើហិង្សា ការបាញ់សម្លាប់របស់នាយឧត្ដមសេនីយ៍ មេបញ្ជាការយោធា និងកងរាជអាវុធហត្ថទាំងនោះ ដែលបានអនុវត្តតាមបទបញ្ជារបស់លោក ហ៊ុន សែន ប៉ុន្តែគ្មាននរណាហ៊ានចេញមុខប្រឆាំងឡើយ។ ព្រះអង្គថា អ្នកដែលហ៊ាននិយាយការពិត ដូចលោកបណ្ឌិត កែម ឡី ជាដើម ត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា សូម្បីតែនិយាយជាមួយអាស៊ីសេរី ក៏ត្រូវរងការគំរាមកំហែងផងដែរ កុំថាឡើយដល់ការបញ្ចេញមតិ ឬក៏រិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន។ បុរសដដែលនេះបន្តថា ដោយសារតែការបោះឆ្នោតកាន់តែខិតជិតមកដល់ អាជ្ញាធរមូលដ្ឋានបានតាមដានសកម្មភាពពលរដ្ឋអំពីថា តើពួកគេទៅបោះឆ្នោតឬអត់?៖ «ប្រជាធិបតេយ្យមានសំរាប់តែអ្នកមានអំណាចទេ។ គាត់ចង់និយាយអ្វីក៏បាន ចង់វាយប្រហារ ឬចាប់អ្នកណាដាក់គុកក៏បាន។ ប្រជាពលរដ្ឋទូទាំងប្រទេសមិនមានប្រជាធិបតេយ្យទេ សូម្បីតែនិយាយជាមួយអាស៊ីសេរី ក៏មិនហ៊ានបញ្ចេញឈ្មោះដែរ ព្រោះគេតាមដាន។ នេះជារបបផ្តាច់ការពិតប្រាកដហើយ។ ប៉ុន្តែ របបផ្តាច់ការក្នុងសម័យទំនើបនេះ ពិបាកលាក់បាំងណាស់»។
ចំណែកពលរដ្ឋជាស្ត្រីម្នាក់ទៀត ដែលមិនហ៊ានបញ្ចេញឈ្មោះដែរនោះ ក៏បានបញ្ជាក់ផងដែរថា ការដឹកនាំរបស់លោក ហ៊ុន សែន កន្លងមកនេះ ពុំឃើញមានការរីកចម្រើនអ្វីសោះ សំរាប់ពលរដ្ឋរស់នៅតាមមូលដ្ឋាន។ អ្នកស្រីក៏បានសំណូមពរសុំឲ្យរបបដឹកនាំក្រុងភ្នំពេញ បញ្ឈប់សកម្មភាពរំលោភបំពាន និងងាកមករកការអភិវឌ្ឍឲ្យបានរីកចំរើនពិតប្រាកដសំរាប់ប្រទេសជាតិ៖ «ខ្ញុំមើលទៅអត់មានឃើញរីកចំរើនអ្វីសោះ គឺឃើញតែការដឹកនាំផ្តាច់ការតែម្តង ដូចជា លួចឆក់ប្លន់ លួចជាតិ លួចពលរដ្ឋសព្វគ្រប់ទីកន្លែង។ សួរថា គាត់មានតែល្បិចដដែលហ្នឹង រាល់ថ្ងៃគាត់មានតែល្បិចដដែលៗ ចង់ឲ្យគាត់ធ្វើឲ្យកែប្រែ ដើម្បីឲ្យរីកចំរើនដល់ប្រជាពលរដ្ឋ កុំឲ្យគេរងទុក្ខទោសដោយសារគាត់»។
វាគ្មិនក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយ ក៏បានអះអាងថា របបដឹកនាំកម្ពុជាបច្ចុប្បន្ននេះ គឺជារបបផ្តាច់ការយោធានិយម ដូចដែលរបាយការណ៍របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានលាតត្រដាងអញ្ចឹង៖ «ហេតុអ្វីបានជាយើងថា ជារបបដឹកនាំផ្តាច់ការយោធានិយម គឺខ្ញុំមើលទៅនាយករដ្ឋមន្ត្រីផ្កាយ៥ បង្ហាញថា គាត់ជាមេទ័ព។ ចៅហ្វាយខេត្តមួយចំនួន ក៏សុទ្ធតែជាយោធា ហើយរបៀបចាត់ចែង គឺក៏យោធាផ្តាច់ការ។ ការដឹកនាំរបស់លោក ហ៊ុន សែន គឺបិទទាំងអស់ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស រំលោភធ្ងន់ធ្ងរមែនទែន តាំងពីសិទ្ធិរស់រានមានជីវិត សិទ្ធិនយោបាយ និងការសម្លាប់ក្រៅប្រព័ន្ធច្បាប់ជាដើម»។
អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបង្ហាញឈ្មោះនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់ទាំង ១២រូប ដែល មានបាតដៃកខ្វក់រំលោភសិទ្ធិមនុស្ស។ របាយការណ៍នេះ លាតត្រដាងទៀតថា កម្ពុជាកាន់តែប្រែក្លាយទៅរករបបផ្ដាច់ការ និងការដឹកនាំបែបឯកបក្ស ដោយសារតែនាយឧត្ដមសេនីយ៍ទាំងនោះ ក្នុងជួរកងកម្លាំងសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាខ្នងបង្អែកនៃរបបនយោបាយមួយពោរពេញទៅដោយអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងមានចរិតផ្ដាច់ការនិយម៕ RFA Khmer, ចុចស្ដាប់សំឡេង

ไม่มีความคิดเห็น:
แสดงความคิดเห็น