អ្នក​នាំ​ភ្ញៀវ​ទេសចរ​ទទូច​ឲ្យ​អាជ្ញាធរ​អប្សរា​បើកទ្វារ​​ទទួល​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ពី​ព្រឹក​ព្រលឹម - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
អ្នក​នាំ​ភ្ញៀវ​ទេសចរ​ទទូច​ឲ្យ​អាជ្ញាធរ​អប្សរា​បើកទ្វារ​​ទទួល​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ពី​ព្រឹក​ព្រលឹម

អ្នក​នាំ​ភ្ញៀវ​ទេសចរ​ទទូច​ឲ្យ​អាជ្ញាធរ​អប្សរា​បើកទ្វារ​​ទទួល​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ពី​ព្រឹក​ព្រលឹម

Share This


អ្នក​នាំ​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ទទូច​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បើកទ្វារ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​តំបន់​ប្រាសាទអង្គរវត្ត​ឲ្យ​បាន​ពី​ព្រឹក​ព្រលឹម ដើម្បី​បញ្ចៀស​ការ​កកស្ទះ​តាម​ដង​ផ្លូវ និង​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ដែល​ចង់​ទៅ​ទស្សនា​ប្រាសាទ​នៅ​ពេល​ព្រឹក។ ការ​ទទូច​នេះ​ដោយសារតែ​អ្នកទេសចរ​ជាច្រើន​នាក់​បាន​ត្អូញត្អែរ​នឹង​ការ​បើកទ្វារ​យឺតយ៉ាវ ដែល​បណ្ដាល​ឲ្យ​ពួកគាត់​មិន​អាច​ចូល​ទៅ​ទស្សនា​ប្រាសាទ​នៅ​ពេល​ព្រលឹម​បាន។

អ្នក​នាំភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​តំបន់​ប្រាសាទអង្គរវត្ត​ខេត្ត​សៀមរាប​លោក ចាប តុងហាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាពិសេស​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប​ភាគច្រើន​ចង់​ទៅ​ទស្សនា​ព្រះអាទិត្យ រះ នៅ​តំបន់​ប្រាសាទអង្គរវត្ត​ឲ្យ​បាន​មុនគេ ដើម្បី​គយគន់​សម្រស់​ធម្មជាតិ​នៅ​ពេល​ព្រឹក​ព្រលឹម​ពី​ប្រាសាទ​បូរាណ​ខ្មែរ ប៉ុន្តែ​មិន​អាច​ចូល​ទៅ​ទស្សនា​បាន​នោះ​ទេ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​បើកទ្វារ​ឲ្យ​ទេសចរ​ចូល​នៅ​ម៉ោង​៧​កន្លះ​ឯណោះ។

លោក ចាប តុងហាន់ អះអាង​ទៀត​ថា ការ​បើក​នៅ​ម៉ោង​៧​កន្លះ​នេះ ធ្វើ​ឲ្យ​អ្នកទេសចរ​ជាច្រើន​នាក់​ក្នក់ចិត្ត ព្រោះ​មាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​កកស្ទះ ហើយ​មាន​សំឡេង​អ៊ូអរ​ដែល​បណ្ដាល​ឲ្យ​បាត់​សម្រស់​លក្ខណ​ធម្មជាតិ​របស់​ប្រាសាទ៖ «ហើយ​ប្រទេស​យើង​មិនមែន​ទេសចរ​លេខ​១​នោះ​ទេ ព្រោះ​នៅ​ប្រទេស​ថៃ​គេ​មាន​អ្នកទេសចរ​ដល់​ទៅ​៣០​លាន​នាក់​ណោះ ហើយ​យើង​បន្តិចបន្តួច​គ្រាន់តែ​សាង​ភាព​ល្អ ហើយ​ឲ្យ​បាន​ពី​ព្រលឹម​តិច​ទៅ ហើយ​ម្យ៉ាង​ដើម្បី​ឲ្យ​បុគ្គលិក​គ្នា​បានសម្រេច​ពី​ព្រឹក​ផង»។

ចំណែក​អ្នក​នាំ​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ម្នាក់ទៀត ថ្លែង​​​​ថា មួយរយៈ​ចុងក្រោយ​នេះ អ្នកទេសចរ​អន្តរជាតិ​តែង​ត្អូញត្អែរ​ប្រាប់​ពួកគាត់​ស្ទើរ​គ្រប់គ្នា អំពី​ការ​បើកទ្វារ​នៅ​តំបន់​ប្រាសាទអង្គរវត្ត​យឺតយ៉ាវ​នេះ​ដែរ។ មគ្គទេសក៍​រូប​នេះ អះអាង​ទៀត​ថា អ្នកទេសចរ​ដែល​មាន​លុយ​កាត់​មួយ​ចំនួន ចង់​ស្នាក់នៅ​ខេត្ត​សៀមរាប​ច្រើន​ថ្ងៃ ដើម្បី​គយគន់​សម្រស់​ធម្មជាតិ​នៅ​ពេល​ព្រលឹម​និង​ពេល​ថ្ងៃ​លិច ក៏ប៉ុន្តែ​ដោយសារតែ ការ​បើកទ្វារ​យឺតយ៉ាវ​នេះ​ធ្វើ​ឲ្យ​ទេសចរ​មួយ​ចំនួន​បាន​កាត់បន្ថយ​ការ​ស្នាក់នៅ​ខេត្ត​សៀមរាប ហើយ​ខ្លះ​បាន​ចាក​ចេញពី​កម្ពុជា ទៅ​កម្សាន្ត​នៅ​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ាន​វិញ​ក៏​មាន។ មគ្គទេសក៍​រូប​នេះ​បន្ថែម​ថា សព្វថ្ងៃ​អ្នកទេសចរ​បាន​ជំរុញ​ឲ្យ​ពួកគាត់​នាំ​ចូល​ទៅ​ទស្សនា​ប្រាសាទ​តាំង​ម៉ោង​៦​ព្រឹក ប៉ុន្តែ​មិន​អាច​ចូល​ទៅ​គយគន់​នៅ​ក្នុង​ប្រាសាទ​បានទេ ដោយ​សមត្ថកិច្ច​បិទទ្វារ​ជាប់ បណ្ដាល​ឲ្យ​ទេសចរ​ត្រូវ​ឈរ​ចាំ​រហូតដល់​ម៉ោង​៧​កន្លះ​ទើប​សមត្ថកិច្ច​បើកទ្វារ​ឲ្យ​ភ្ញៀវ​ចូល៖ «ដល់​អីចឹង​ឲ្យ​ខាត​ប្រយោជន៍​ខាត​ពេលវេលា​យើង។ ពួក​អឺរ៉ុប​គេ​ចូលចិត្ត​កន្លែង​ណា​ស្ងាត់ ហើយ​ខ្ញុំ​គិត​ថា​ប៉ះពាល់​អារម្មណ៍​ពួកគាត់​ដែល​ឈរ​ចាំ​យូរ ហើយ​ពួកគេ​អាច​នឹង​មើលងាយ​ដល់​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​អង្គរ​រញ៉េរញ៉ៃ។ ម្យ៉ាងវិញទៀត​នៅ​តំបន់ នឹង​ប៉ូលិស​គាត់​នៅ​យាម​រហូត មិនមែន​អត់​មាន​អ្នកយាម​ប្រចាំការ​នៅ​ទីនោះ​ឯណា»។

អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ សង្វា មិនទាន់​ប្រតិកម្ម​ជុំវិញ​នឹង​ការ​ឡើង​នេះ​នៅ​ឡើង​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់រវល់​ប្រជុំ ហើយ​អាស៊ីសេរី​ក៏បាន​ទូរស័ព្ទ​ទៅ​លោក​ជាច្រើន​ដង​ទៀត​ដែរ តែ​ពុំ​មាន​អ្នកទទួល។

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​សៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​នេះ​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ប្រសិនបើ​ករណី​នេះ​កើតឡើង​ពិត​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​អ្នកទេសចរ​ជា​ពុំ​ខាន៖ «ប៉ុន្តែ​បើសិនជា​តំបន់​ខ្លះ​ដែល​គេ​មានការ​ហាមឃាត់​យើង​គួរតែ​សាកសួរ​មើល តើ​ហេតុ​អី​បានជា​គេ​ហាមឃាត់​មិន​ឲ្យ​ចូល​ពី​ព្រឹក​អីចឹង ពីព្រោះ​ពីមុន​មក​វា​អត់​ដែល​មាន»។

របាយការណ៍​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា រយៈពេល ៤ខែ ដើម​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ជាង ២ លាន​នាក់ (២,១០០,០០០) កើន​ឡើង ប្រមាណ​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧។ ក្រសួង​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៦​លាន ២​សែន​នាក់​(៦,២០០,០០០) នៅ​ឆ្នាំ​២០១៨ និង​ប្រមាណ ៧​លាន​នាក់​(៧,០០០,០០០) នៅ​ឆ្នាំ​២០២០ និង​ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ២០៣០។

អ្នក​នាំ​ភ្ញៀវ​ទេសចរ​ដែល​មាន​បទពិសោធន៍​ប្រមាណ​២០​ឆ្នាំ​ដដែល អះអាង​ថា កំណើន​ទេសចរ​នេះ ភាគច្រើន​ជនជាតិ​ចិន ចំណែក​អ្នក​ទេសចរ​អឺរ៉ុប ជប៉ុន និង​សហរដ្ឋអាមេរិក​ជាដើម បាន​ថយ​ចុះ ហើយ​កំណើន​នេះ​មានតែ​អ្នកមាន​លុយ និង​មានអំណាច និង​ក្រុមហ៊ុន​ទេសចរ​បរទេស​ទេ ដែល​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ព្រោះ​ទេសចរ​ចិន ភាគច្រើន​មាន​ក្រុមហ៊ុន​នាំ​ទស្សនា​ផ្ដាច់មុខ ចំណែក​ឯ​ពលរដ្ឋ​ក្រីក្រ និង​អ្នក​ប្រកប​របរ​តូចតាច​នៅ​តំបន់​ប្រាសាទអង្គរវត្ត​វិញ បាន​បោះបង់​អាជីព​របស់​ខ្លួន​បណ្ដើរៗ​ហើយ ដោយសារតែ​រក​ប្រាក់​ចំណូល​មិនបាន​ដូច​ពេល​មុនៗ៕ RFA Khmer, ចុចស្ដាប់សំឡេង

ไม่มีความคิดเห็น:

แสดงความคิดเห็น